ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបន្តឃាត់រថយន្តច្នៃ១១គ្រឿងទៀតពាក់ព័ន្ធករណីបទល្មើសព្រៃឈើ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង និងខេត្តពោធិ៍សាត់ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងនោះឃាត់ចាប់រថយន្តចំនួន ១១គ្រឿងទៀត ដោយសង្ស័យជាប់ពាក់ព័ន្ធករណីបទល្មើសព្រៃឈើ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចស្រែពាំង និងតំបន់ផ្សេងៗ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា រថយន្តទាំងចំនួន ១១គ្រឿង ប្រភេទកែច្នៃចំនួន ០៩គ្រឿង ជាកម្មសិទ្ធរបស់ឈ្មោះ កែ ផល ភេទប្រុស រស់នៅភូមិ,ឃុំ,ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងម៉ាក រ៉េវ ចំនួន ០២គ្រឿង ជាកម្មសិទ្ធរបស់ឈ្មោះ ចាន់ ណា ភេទប្រុស រស់នៅខេត្តកំពង់ចាម ផ្ញើរនៅផ្ទះឈ្មោះ ពៅ ជា ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំខាងលើ ហើយវត្ថុតាងទាំងរថយន្តកែច្នៃ និងរថយន្តម៉ាក រ៉េវ ចំនួន ១១គ្រឿងបានយកទៅបន្តនីតិវិធីនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង។

គួររំលឹកថា៖ ការឈានដល់ឃាត់ចាប់រថយន្តកែច្នៃ និងម៉ាក រ៉េវ ចំនួន ១១គ្រឿងនេះ ព្រោះកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នេះ នៅតំបន់ព្រៃភ្នំត្រង់ចំណុចដំណាក់គរគី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កម្លាំងបានសហការគ្នាចុះបង្រ្កាបបទល្មើសធនធានធម្មជាតិដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមទាំងវត្ថុតាងម៉ាសុីនរណាយន្តអារច្រៀកឈើចំនួន ២គ្រឿងផងនោះ ដែលជនសង្ស័យទី១ ឈ្មោះ អ៊ូម ញ៉ាតសៃ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ សូរ ចាន់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់ រស់នៅភូមិប៉ាក់កែ ឃុំ.ស្រុកវឺុនសៃ ខេត្តរតនគីរី។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចការប្រតិបត្តិការខាងលើកម្លាំងបានរុករកឃើញ និងធ្វើការបង្រ្កាប(ឈើប្រភេទរាជកុល) ដែលគេអារដាច់ចេញពីគល់ដួលរលំរដូករណេលពេញព្រៃ និងអារច្រៀកឡាំងបួនជ្រុង ដែលក្រុមជនល្មើសកំពុងប្រព្រឹត្តជាក់ស្ដែងនៅតំបន់នោះ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង(ម៉ាសុីនរណាយន្តអារច្រៀកឈើទាំង ២គ្រឿង) បាននាំយកទៅបន្តនីតិវិធីនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងឈើអារប្រភេទ(រាជកុល)មិនទាន់បានប្រមូលយកទៅរក្សាទុកនៅឡើយនោះទេ។

ករណីខាងលើនេះ មត្តិពីមហាជនកំពុងរង់ចាំមើលចំណាត់ការបន្ត ខណៈកម្លាំងកងរាជអាវុធហត្ថសហការគ្នាចុះបង្រ្កាបបទល្មើសជាក់ស្ដែង ឈានដល់ការឃាត់ខ្លួនជនកំពុងប្រព្រិត្ត រួមទាំងវត្ថុតាង(ម៉ាសុីន,ឈើ និងរថយន្ត) ហើយនៅក្នុងតំបន់(ដែនជំរកសត្វព្រៃភ្នំសំកុស)ទាំងអស់ ដែលជាតំបន់ដែនសមត្តកិច្ចរបស់មន្រ្តីបរិស្ថាននោះ៕ ប៉ឹម ពិន


ចែករំលែក៖