ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីយកកាំបិតប៉័ងតោកាប់បងប្រុសខ្លួនឯងបណ្ដាលឲ្យរងរបួសជាទម្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួន ក្រោយពីបានផឹកស្រាស្រវឹងយកកាំបិតប៉័ងតោកាប់ទៅលើបងប្រុសរបស់ខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចទំនប់៣៨ ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកព្រហ្មទណ្ឌស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃ្លិន ផេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មានទីលំនៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល(ត្រូវជាប្អូន) រីឯជនរងគ្រោះឈ្មោះ ឃ្លិន តេង ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល (ត្រូវជាបង) ។ ដោយឡែកវត្ថុតាងដកហូតបានមានកាំបិតប៉័ងតោចំនួន១ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជា២២យប់ ជនរងគ្រោះនិងជនសង្ស័យ (បងប្អូនបង្កើត) បាននាំគ្នាទិញស្រាថ្នាំមកផឹកជាមួយគ្នា នៅចំណុចទំនប់៣៨ ដែលជាផ្ទះជនរងគ្រោះ ។ លុះផឹករហូតដល់ម៉ោង១យប់រំលងអធ្រាត ឈានដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងសភាពស្រវឹងផងនោះ ជនរងគ្រោះឈ្មោះ ឃ្លីន តេង (ត្រូវជាបង) បានដេញជនសង្ស័យឈ្មោះ ឃ្លីន ផេង (ត្រូវជាប្អូន) ឲ្យត្រលប់ទៅផ្ទះវិញ ព្រោះយប់ជ្រៅណាស់ហើយ តែជនសង្ស័យមិនព្រមទៅផ្ទះនោះទេ ថែមទាំងបានទាញយកបារីពីជនរងគ្រោះមកជក់ទៀត តែជនរងគ្រោះពុំឲ្យបារីនោះទៅជនសង្ស័យនោះទេ ភ្លាមនោះជនរងគ្រោះក៏ខឹងជនសង្ស័យជាប្អូនក៏វាយមួយដៃទៅលើជនសង្ស័យមួយដៃ ជាហេតុដែលធ្វើឲ្យជនសង្ស័យខឹង ក៏បានដើរសំដៅទៅផ្ទះម្ដាយដែលនៅក្បែរនោះ រួចបានយកកាំបិតបុ័ងតោចំនួន១ ពីផ្ទះម្ដាយមកកាប់លើជនរងគ្រោះវិញ បណ្ដាលឲ្យត្រូវជនរងគ្រោះចំក្ដោងច្រមុះ និងដៃខាងស្ដាំរងបួសជាទម្ងន់ បានបង្កឲ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងទាំងយប់មកជួយឃាត់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុក ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖