ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនបុកគោយន្តដឹកឈើដួលស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បើកម៉ូតូពាក់កណ្តាលយប់ ជ្រុលបុកទ្រុងគោយន្ត១គ្រឿងពីក្រោយ បណ្តាលឲ្យដួលម៉ូតូ បាក់កស្លាប់ភ្លាមៗក្បែរម៉ូតូ។ ចំណែកអ្នកបើកគោយន្ត បានបើកគេចខ្លួន។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ធ្នូ គ.ស ២០១៧ លើផ្លូវជាតិលេខ៥១ ភូមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីប៉ូលិស ប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះរឿន បូរ៉ាន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្វាយលៀប ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីមC125 ស៊េរី២០១១ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-៣៥១២។

ប្រភពប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងគោយន្ត១គ្រឿង បើកបរទិសដៅពីត្បូងទៅជើង។ លុះដល់ម៉ោងកើតហេតុ ពេលមេឃកំពុងភ្លៀង ក៏ឮស្នូរដួលម៉ូតូ ទើបពួកគាត់ រត់មកដល់ឃើញជនរងគ្រោះ ដេកស្លាប់ក្បែរម៉ូតូបាត់ទៅហើយ ដោយមានបន្សល់កម្ទេចឈើជ្រុះរាយប៉ាយពេញផ្លូវ តែមិនឃើញគោយន្តនៅកន្លែងកើតហេតុទេ។

ក្រោយពីសមត្ថកិច្ចវាស់វែងតាមបច្ចេកទេសរួចរាល់ បងប្អូនជនរង គ្រោះបានសុំម៉ូតូត្រឡប់ទៅផ្ទះ និងយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ សេនាស័ក្តិ


ចែករំលែក៖