ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនថៃ ផានី ហៅម៉ាប់ អូស្ត្រាលី កូនប្រសារលោក ហ៊ុន សាន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស. ២០១៧ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ម្ចាស់ទីតាំងបញ្ជល់មាន់ដ៏ធំនៅស្រុកល្វាឯម កូនប្រសារ លោក ហ៊ុន សាន ដាក់ពន្ធនាគារបណ្តោះអាសន្នហើយពីបទ” អ្នកបើកល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និង ភ្នាក់ងារល្បែងស៊ីសង» តាមមាត្រា៥ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំលានរៀល (៥.០០០.០០០៛០០) ដល់ម្ភៃលានរៀល (២០.០០០.០០០៛០០) ឬ ដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា ។

ជនត្រូវចោទមានឈ្មោះ ថៃ ផានី ហៅម៉ាប់ អូស្ត្រាលី ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃ១រោច ខែមិគសិរ សមត្ថកិច្ចចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរដែនដីប្រមាណជាង២០០នាក់ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបើកប្រតិបត្តិបង្ក្រាបសង្វៀនបញ្ជល់មាន់អត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដោយបានឃាត់ខ្លួនមនុស្សជិត២០០ រថយន្តនិងម៉ូតូជិត២០០គ្រឿង មាន់ជល់ជាង១០០ក្បាល។

លោកឧត្តមសេនីយន៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ បានមានប្រសាសន៍ថា ក្នុងប្រតិបត្តិការណ៍នេះបានប្រើប្រាស់កម្លាំងចម្រុះជិត២០០នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន១៥០នាក់ កម្លាំងកងរាជអាវុធហត្ថចំនួន២០នាក់ រួមជាមួយអាជ្ញារឃុំ ស្រុកផងដែរ និងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោក ឯក ស៊ុនរស្មី ។ ក្នុងប្រតិប ត្តិការនេះយើងបានឃាត់ខ្លួនមនុស្សចំនួន១៧៥នាក់ ដកហូតកាំភ្លើងខ្លីស៊េរីទំនើបម៉ាកINFINITY ១ដើម បង់ចំនួន២និងគ្រាប់ចំនួន១៦គ្រាប់ រថយន្តចំនួន៦១គ្រឿង ម៉ូតូ១៣៨គ្រឿង មាន់គកចំនួន១១៩ក្បាល ស៊ុមក្រុងមាន់១៦៥ ស្កុតរុំខ្នាយមាន់ចំនួន១៨ដុំ។

លោកស្នងការបានបន្តថា មនុស្សរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាល ខេត្តកណ្តាល ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណែក ឯរោងសង្វៀនជល់មាន់ត្រូវបានកំទេចចោលទាំងស្រុង ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយម្ចាស់ទីតាំងបានគេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ដោយបន្សល់ទុកនូវរថយន្ត និងកាំភ្លើងខ្លី មួយដើមនៅក្នុងរថយន្ត។

គួរបញ្ជាក់ដែរថា បន្ទាប់ពីប្រតិបត្តិការបង្ក្រាបនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ” ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាប ន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខានតែបាន ដើ ម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក្មួយប្រសារបស់ខ្ញុំក៏ដោយ “។

បន្ទាប់ពីការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ម្ចាស់សង្វៀនខាងលើ ដែលគេស្គាល់ថា ឈ្មោះ ថៃ ផានី ហៅម៉ាប់ បានចូលទៅប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃ១រោច ខែមិគសិរ ព.ស.២៥៦១ ៕ ឆ ដា


ចែករំលែក៖