ភ្នំពេញ៖ប្រភពព័ត៌មាន បញ្ជាក់ថា លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកំពង់ចាម ដែលសម្រេចកែប្រែរឿងក្តី ឃាតកម្មគិតទុកជាមុន មានជនជាប់ចោទចំនួន៦នាក់ ដែលកំពុងគេចខ្លួននិងពុំមានវត្តមានចូលរួមក្នុងសវនាការជំនុំជម្រះនេះ ឱ្យទៅជាបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទ ហិង្សាដោយចេតនាបណ្តាលឱ្យស្លាប់ជនរងគ្រោះ ពិសេសបានសម្រេចព្យួរទោសអោយជនជាប់ចោទបីនាក់ទៅវិញ។
មន្ត្រីសាលាឧទ្ធរណ៍ បង្ហើបឱ្យដឹងថា រឿងក្តីនេះ បានបង្កជាសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៩ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ និង បានប្រកាសចេញជាសាលក្រមព្រហ្មទណ្ឌលេខ ៧២ខ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដោយមាន លោកស្រី គឹម លុយ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកសួន សំណាង និងលោក សោ សុភា ជាចៅក្រមប្រឹក្សា ។
ជនជាប់ចោទឈ្មោះម៉ន មាស ឈ្មោះខន ក្តាម ឈ្មោះ សឹង ថុនា ឈ្មោះជឹង ចិន ឈ្មោះស៊ី ប៊ី និង ឈ្មោះជាន សាឯម ត្រូវជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១២ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត។
អង្គហេតុដែលនាំឱ្យមានការចោទប្រកាន់នេះ គឺកើតឡើងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១២ នៅចំណុចបរិវេណផ្ទះលក់ស៊ុប និងគ្រឿងក្លែម យីហោ៨៨ ខាងកើតផ្លូវបំបែកនៅភូមិប្រធាតុ ដោយមានក្មេងពីរក្រុមមកអង្គុយផឹកស៊ីគ្រែក្បែរគ្នា។ ក្នុងពេលផឹកស៊ីក្រុមទាំងពីរបានឌឺដងដាក់គ្នា ទៅវិញទៅមករឿងស្រីបម្រើដោយលំអៀងជាហេតុធ្វើឱ្យភាគីម្ខាងមានការខឹងសម្បារ ចងគំនុំក្នុងចិត្ត។ ក្រោយពេលផឹកស៊ីចប់ ភាគីក្មេងមួយក្រុមមានគ្នា៦នាក់ មានឈ្មោះសឹង ថុនា ឈ្មោះម៉ន មាស ឈ្មោះខន ក្តាម និងបីនាក់ទៀតមិនស្គាល់ឈ្មោះបានជិះម៉ូតូពីរគ្រឿងចេញទៅមុន។ លុះដល់ម៉ោង៩យប់ថ្ងៃដដែល ក្រុមក្មេងបីនាក់ផ្សេងទៀតមានឈ្មោះតុន ឌីរ៉ាក់ ឈ្មោះហៀង លឹមហួន និងឈ្មោះវ៉ុន លីហ៊ាង បានចេញពីផឹកស៊ីត្រឡប់ទៅផ្ទះវិញ។ លុះមកដល់ចំណុចបង្គោលភ្លើងលេខ៣៩១ ក្នុងភូមិ ប្រធាតុ ស្រាប់តែក្រុមរបស់ឈ្មោះសឹង ថុនា (មានគ្នា៦នាក់) បានស្ទះវាយតាមផ្លូវបណ្តាលអោយឈ្មោះ តុន ឌីរ៉ាក់ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។ ចំណែក ឈ្មោះហៀង លឹមហួន និងឈ្មោះវ៉ុន លីហ៊ាង រងរបួស។ ក្រោយកើតហេតុឈ្មោះសឹង ថុនា និងបក្ខពួកបាននាំគ្នារត់គេចខ្លួនអស់ ។
នៅដំណាក់កាលអយ្យការនិងចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ជនជាប់ចោទទាំង ៦នាក់នេះពុំបានចូលខ្លួនតាមនីតិវិធីទេ តែមានពឹងពាក់មេធាវីអោយមកចូលការពារក្តីជំនួស។ រហូត មកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ពោលគឺមានរយៈពេលជាង៥ឆ្នាំ សំណុំរឿងនេះត្រូវបញ្ជូនទៅ បើកសវនាការជំនុំជម្រះ។ ប៉ុន្តែជនជាប់ចោទទាំងអស់ពុំបានចូលរួមក្នុងសវនាការជំនុំជម្រះនោះទេ។
ឆ្លងតាមការសួរដេញដោល ដើមបណ្តឹងនិងជនរងគ្រោះព្រមទាំងមេធាវីការពារក្តីអោយជនជាប់ចោទ តុលាការបានសម្រេចកែប្រែពីបទ ឃាតកម្មគិតទុកជាមុន មកជាបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសលើឈ្មោះម៉ន មាស ឈ្មោះស៊ី ប៊ី ហើយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ ២ឆ្នាំ និងឈ្មោះសឹង ថុនា ផ្តន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ តែទោសខាងលើនេះត្រូវព្យួរទាំងអស់ ព្រមទាំងបញ្ឈប់ដីកាបង្គាប់អោយចាប់ខ្លួនថែមទៀតផង។
ឈ្មោះខន ក្តាម ត្រូវកែប្រែមកជាបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាបណ្តាលអោយជនរងគ្រោះស្លាប់ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ១៣ឆ្នាំ ។ ចំណែក ឈ្មោះជឹង ចិន និងឈ្មោះជាន សាឯម ត្រូវកែប្រែមកជាបទ ហិង្សាដោយចេតនាបណ្តាលអោយជនរងគ្រោះស្លាប់ ដោយផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ១២ឆ្នាំ និង បង្គាប់អោយចាប់ខ្លួនភ្លាម។
ការសម្រេចនេះបានត្រូវក្រុមគ្រួសារជនរងគ្រោះ ចាត់ទុកថាមានភាពមិនប្រក្រតី ព្រោះគ្រប់ ដំណាក់កាលនីតិវិធីនៅតុលាការជនជាប់ចោទទាំងអស់ពុំបានចូលរួមបំភ្លឺ ដើម្បីដោះបន្ទុកនោះទេ ពោលគឺតុលាការយោងទៅតាមការបំភ្លឺរបស់ដើមបណ្តឹងរដ្ឋប្បវេណី ជនរងគ្រោះ និង មេធាវីការពារក្តីអោយជនជាប់ចោទប៉ុណ្ណោះ។ ដូច្នេះសំណូមពរសុំអោយសាលាឧទ្ធរណ៍ជួយដោះស្រាយរឿងនេះ ដើម្បីរកយុត្តិធម៌អោយក្រុមគ្រួសារជនរងគ្រោះទាំងអស់៕ ចេស្តា