ព័ត៌មានទាន់ហេតុការណ៍៖

កាមរី ព្រលះវេវពេញទំហឹង មនុស្សម្នាក់ស្លាប់ ២នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្ត ម៉ាកតូយ៉ូតាកាមរី១គ្រឿងបានបើកបុកម៉ូតូលាន់ស្នូរដូចរន្ទះ បណ្ដាលឲ្យមនុស្សម្នាក់ ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង៣៥នាទី ព្រលប់ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូលេខ២៨២-២៨៣ ស្ថិតនៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលចរាចរស្រុកលំផាត់ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យគ្រួសារមួយ ស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ បន្ទាប់ពីជិះម៉ូតូលើផ្លូវសាធរណៈឌុបគ្នាទៅផ្ទះ។ អ្នកបើកបរម៉ូតូមានឈ្មោះ ហ៊ីន ខ្មៅ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ (របួសធ្ងន់) បើកបរម៉ូតូម៉ាកហុងដា វេវ ពណ៌ក្រហម គ្មានស្លាកលេខ។ អ្នករួមដំណើរ ទី១.ឈ្មោះ ជុញ ណិវ (ជាប្រពន្ធ) អាយុ៣៧ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ (ស្លាប់ក្រោយពេលទៅដល់ពេទ្យ)។ ទី២.ឈ្មោះ ខ្មៅ ហេវ (ជាកូន) ភេទប្រុស អាយុ ៦ឆ្នាំ ជនជាតិទំពួន (របួសធ្ងន់) អ្នកទាំង៣នាក់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ភ័ណ្ឌ ពន្លក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បើកបររថយន្ត កាមរី សេរីឆ្នាំ៩១ ពាក់ស្លាកលេខ ភ្នំពេញ 2B-4861 (ត្រូវឃាត់ខ្លួន)មានអ្នករួមដំណើរ៣នាក់(ស្រី) ពុំមានរងរបួសទេ។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញ នៃអធិការដ្ឋានគរបាលស្រុកលំផាត់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបាតាង ចុះទៅត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត តាមរថយន្តឯកជន។ ដោយឡែករថយន្តបង្ក និងម៉ូតូ ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋានស្រុកលំផាត់ និងបានឃាត់ខ្លួនអ្នកបើកបររថយន្ត យកទៅដោះស្រាយតាមច្បាប់៕ ប្រាថ្នា


ចែករំលែក៖