ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទជាចំណុចក្តៅក្រោយពីមានការចុះបង្ក្រាបទ្រុងទ្រាយធំ នៅស្រុកបាទី ខេត្តតាកែវ និងស្រុកល្វាឯម ឃុំអរិយក្សត្រ ខេត្តកណ្តាល។ក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទដ៏ធំទាំងពីរខាងលើនេះ ក៏ជាការទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជនផងដែរ ដែលទីតាំងខាងលើនេះមានខ្នងបង្អែកធំក្រាស់ដែលគេនឹកស្មានមិនដល់ថា បង្ក្រាបបានឡើយ។
ដោយឡែកនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដែលមានលោក ពេជ្រ កែវមុនី ជាប្រធាន និងជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំប្រជុំបន្ទាន់មួយក្នុងគោលបំណងដាក់វិធានការរឹតបណ្តឹងត្រួតពិនិត្យរាល់បទល្មើសនានា ល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងប្រជល់មាន់ ទីតាំងណែត២៤ម៉ោង ល្បែងកន្ទុយលេខ បៀរអាប៉ោង ដែលកើតមាននៅក្នុងមូលដ្ឋាន ហើយតម្រូវឲ្យមានរបាយការណ៍ជាប្រចាំខែផ្ញើជូនមកកាន់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីមានវិធានការ។
លោក ពេជ្រ កែវមុនី ក៏គូសបញ្ជាក់បន្ថែមដល់អាជ្ញាធរសង្កាត់ប៉ុសិ៍្តរដ្ឋបាលទាំង៧ក្នុងខណ្ឌមានជ័យ ជាពិសេសមេភូមិទាំងអស់ត្រូវយកចិត្តលើបញ្ហានេះ។ លោកអភិបាលខណ្ឌសង្កត់ធ្ងន់ថា បើទោះបីជាអ្នកលេងបៀភ្នាល់ដាក់លុយតិចតួចក៏ដោយក៏មិនត្រូវអនុញ្ញាតឲ្យគាត់លេងជាអចិន្ត្រៃយ៍ឡើយ។ យ៉ាងនេះវាអាចជាទម្លាប់នៅពេលគាត់ចាញ់ក្លាយជាអំពើហឹង្សាក្នុងគ្រួសារ ក្លាយជាបទល្មើសលួចឆក់ ប្រើប្រាសគ្រឿងញៀន ជាដើមចមចេញពីល្បែងតិចតួចនេះ។
លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានលើកឡើងក្នុងអង្គប្រជុំថា ក្រុមសមត្ថកិច្ចរបស់លោកបានចុះបង្ក្រាបទីតាំងលេងជល់មាន់ចំនួន៣កន្លែងគឺនៅ ម្តុំវត្តសាមគ្គីរ្សី ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ និងបឹងទំពុន សង្កាត់បឹងទំពុន ហើយក្នុងករណីបទល្មើសគ្រឿងញៀនបង្ក្រាបបាន៥៥លើក និងបទល្មើសឆក់ លួច លើកលែងតែបទល្មើសប្លន់ពុំសូវកើតមាននៅក្នុងមូលដ្ឋានខណ្ឌមានជ័យនោះទេ។ លោក តេង ស៊ីណូ បន្តថាលោកនឹងបន្តចុះបង្ក្រាបល្បែងស៊ីសង នឹងពង្រឹងដល់ប៉ុសិ៍្តរដ្ឋបាលឲ្យយកចិត្តទុកដាក់អនុវត្តន៍នូវគោលនយាបាយភូមិសង្កាត់មានសុវតិ្ថភាពឲ្យមានសុវតិ្ថភាពខ្ពស់។
ជាមួយគ្នានេះផងដែរ លោកអភិបាលខណ្ឌមានជ័យក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចូលរួមបំរើសេវាសាធារណៈដល់ពលរដ្ឋឲ្យបានល្អប្រសើរ៕ តាឡឹម