ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិចង់ពង្រីកវិសាលភាពឲ្យពិភពលោកចាប់អារម្មណ៍ និងចូលរួមឲ្យបានច្រើន

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីឲ្យវិស័យកីឡាគុនខ្មែរទទួលបានការ គាំទ្រនិងការជឿទុកចិត្តពីសំណាក់ ប្រទេសក្នុងតំបន់និងពិភពលោក សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិត្រូវដើរតួដ៏សំខាន់ ក្នុងការផ្សព្វផ្សាយ កៀរគរអ្នកក្បាច់គុនទាំងនោះឲ្យមកចូលរួម ហេតុដូច្នេះហើយសហព័ន្ធត្រូវមានសកម្មភាពប្រកួតជាក់ស្តែង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន មួយស្តីពីការរៀបចំការប្រកួតកីឡាគុនខ្មែរអន្តរជាតិ លើកទី១ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ។

លោកអគ្គលេខាធិការបានបន្តថា ការប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិលើកទី១នៅកម្ពុជា ប្រទេសដែលបញ្ជូនកីឡាករកីឡាការិនីមកចូលរួមប្រកួតមានចំនួន៩ប្រទេស ។ ព្រឹត្តិការណ៍ប្រកួតនេះរៀបចំ ដោយសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ ក្រោមកិច្ចសហការពីសហព័ន្ធកីឡាគុនខ្មែរកម្ពុជា និងគាំទ្រដោយគណៈកម្មាធិការជាតិអូឡាំពិក នឹង ក្រសួងអប់រំយុវជន និងកីឡា ធ្វើឡើងក្នុងគោលដៅពង្រីកវិសាលភាព តាមផែនការយុទ្ធសាស្ត្រនិងនយោបាយ កីឡានៃកីឡាវប្បធម៌និងអត្តសញ្ញាណកីឡាជាតិខ្មែរទៅកាន់ពិភពលោក ។

លោក វ៉ាត់ ចំរើន បានបន្តទៀតថា ការប្រកួតនេះនិងរៀបចំរាល់ឆ្នាំចាប់ពីពេលនេះរហូត ដល់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលប្រទេសកម្ពុជាធ្វើម្ចាស់ ។ ដើម្បីកៀរគរប្រទេសផ្សេងៗមកចូលរួមជាមួយសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិនិងចូលជាសមាជិកសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ ក្នុងគោលបំណង កសាងមូលដ្ឋានគ្រឹះ សម្រាប់ដាក់បញ្ចូលប្រភេទកីឡាគុនខ្មែរទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឲ្យស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញកីឡាស៊ីហ្គេមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាគុនខ្មែរអន្តរជាតិ លើកទី១នៅកម្ពុជា នឹងធ្វើរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ ដល់១០ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ នៅក្នុងវិមានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ដោយមានប្រទេសចូលរួមប្រកួតចំនួន៩ ប្រទេស ក្នុងនោះមានប្រទេសមកពីទ្វីបអាស៊ី និងអឺរ៉ុបផងដែរ ៕ សារីម


ចែករំលែក៖