ខេត្តបន្ទាយមានជ័យ: យុវជនម្នាក់ ព្រោះតែអតីតសង្សារចាស់បណ្តើរប្រុសថ្មីបញ្ឈឺចិត្ត ធ្វើឲ្យខ្លួនគេទ្រាំមិនបាន ដាច់ចិត្តយកដាវសាមូរ៉ៃកាប់ប្រហាររបួសទាំងពីរនាក់ តែទីបំផុតបានជាប់អន្ទាក់សមត្ថកិច្ចចាប់ខ្លួនបាន នៅព្រឹកថ្ងៃព្រហស្បតិ៍៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព-ស ២០១៧ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ និងបានក្លាយជាអ្នកទោសស្នេហា ។
លោកវរសេនីយ៍ទោ ខែម សុភ័ណ នាយការិល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌរបស់លោកបានឃាត់យុវជនចិត្តស្លុយម្នាក់បញ្ជូនទៅតុលាការភ្លាមៗៗបន្ទាប់ពីយុវជនម្នាក់នេះបានធ្វើសកម្មភាពកាប់ទៅលើអតីតសង្សារខ្លួនដែលហ៊ានក្បត់ចិត្តទៅស្និទ្ធិស្នាលបណ្តើរប្រុសថ្មីនៅចំពោះមុខខ្លួន ។
យុវជនចិត្តស្លុយដែលកម្លាំងរបស់លោកឃាត់ឃាត់ខ្លួននោះមានឈ្មោះថា ប៊ុល គឹមសាន ហៅចិន អាយុ២៣ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ច យុវជនចិត្តស្លុយរូបនេះ បានអះអាងទាំងអួលដើមកថា រូបគេនឹងនារីឈ្មោះ សឹង្ហ សុភក្ត្រ អាយុ២១ឆ្នាំ ពិតជាសង្សារនឹងគ្នាដែលបានស្រឡាញ់គ្នាយូរណាស់មកហើយនឹងមិនដែលមានទំនាស់ណាមួយឈានដល់ស្នេហាបែកបាក់នោះទេ។ ទើបតែនៅយប់ថ្ងៃអាទិត្យ១៥កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព-ស ២០១៧ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ គេបានឃើញនាងជាសង្សារឈ្មោះ សឹង្ហ សុភ័ក្ត្រ ដែលមានទីលំនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅបានបណ្តើរគៀកកិតជាបុរសម្នាក់ផ្សេងទៀតឈ្មោះ ទាវ សារិទ្ធ អាយុ២១ឆ្នាំ មានទីលំនៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែល បច្ចុប្បន្នមកស្នាក់នៅធ្វើការនៅរោងចក្រក្បែរគ្នា ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ សង្សារខ្លួន និងយុវជន ទាវ សារិទ្ធ មានភាពស្និទ្ធគ្នាខ្លាំងពេករហូតឌុបគ្នាទៅលេងផ្ទះស្ត្រីម្នាក់ជាមិត្តភក្តិនៅចំពោះមុខគេនោះទើបគេទ្រាំមិនបានក៏បានយកដាវសាមូរ៉ៃដើរសំដៅទៅរកអ្នកទាំងពីរ ហើយបានធ្វើការកាប់ប្រហារតែម្តងបណ្តាលឲ្យ គូស្នេហ៍ថ្មីមួយគូនេះរងរបួសយ៉ាងដំណំរួចហើយក៏គេចខ្លួន។
លោកវរសេនីយ៍ទោ ខែម សុភ័ណ បានឲ្យដឹងថាបន្ទាប់ពីបានទទួលពត៌មាននេះ កម្លាំងរបស់លោកបានទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ កំណត់មុខសញ្ញាបានទើបឈានដល់ចាប់ខ្លួនបាន រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់តែម្តង៕ សហការី