ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីឃាត់ខ្លួនជនជាតិវៀតណាម២៣នាក់គ្មានឯកសារត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន ២៣នាក់ ក្នុងនោះស្រី០៩ នាក់គ្មានឯកសារត្រឹមត្រូវ។

ដោយនៅក្នុងប្រតិបត្តិនេះសមត្ថកិច្ចបានចុះឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះលេខ១៩ (យីហោ ផន លិន លក់សំបុត្ររថយន្តភ្នំពេញ-ហូជីម៉ិញ) ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានត្រួតពិនិត្យលើជនជាតិវៀតណាម ២៣នាក់ ដែលពួកគេគ្មានលិខិតឆ្លងដែន និងច្បាប់អនុញ្ញាតការងារត្រឹមត្រូវ ដូច្នេះពួកគេត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបញ្ជាក់អោយដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញនៅពេលខាងមុខ៕ ស រស្មី


ចែករំលែក៖