ខេត្តកំពង់ស្ពឺ៖ តូបលក់ទូរស័ព្ទ១កន្លែង ខណៈម្ចាស់កំពុងដេកលង់លក់ស្កប់ស្កល់ ត្រូវជនសង្ស័យ លួចគាស់ដំបូល រួចចូលធ្វើ សកម្មភាពលួចយកតែទូរស័ព្ទស៊េរីទំនើបៗបានសម្រេចចំនួន៥០គ្រឿង។
ហេតុការណ៍ចោរកម្មនេះ បានកើតឡើងនៅអំឡុងម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់តូបឈ្មោះលាង រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
យោងតាមការឆ្លើយបំភ្លឺពីម្ចាស់ ផ្ទះ បានឲ្យសមត្ថកិច្ចដឹងថា ជនសង្ស័យ បានធ្វើសកម្មភាពគាស់ដំបូលតូបតាំងពីម៉ោង២ និង១០នាទីរំលងអធ្រាត្រ។ ចំណែករូបភាពក្នុងកាម៉េរ៉ាសុវត្ថិភាព បង្ហាញថា ជនសង្ស័យចូលធ្វើសកម្មភាព នៅម៉ោង៣និង២៦នាទីរំលងអធ្រាត្រ ដោយជនសង្ស័យស្លៀកខោជើងវែង ដោះអាវយឺតគ្របក្បាល លួចយកតែទរស័ព្ទស៊េរីទំនើបៗ ប្រមូលច្រកថង់ ទើបចាកចេញដោយសុវត្ថិភាព។
លុះដល់ម៉ោង ៦ និង ៣០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ម្ចាស់ក្រោកពីដេកទើបដឹងបាត់ទូរស័ព្ទរបស់ខ្លួនខាងលើ និងរាយការណ៍មកសមត្ថកិច្ច ។
ករណីខាងលើកម្លាំងជំនាញបានចុះប្រតិបត្តិការ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង កំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ សេនាស័ក្តិ