ភ្នំពេញ ៖ នារសៀលថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចង្អុលបង្ហាញ និងបញ្ជារផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ កម្លាំងចម្រុះគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ដោយមានការចូលរួមពីកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉េង វិមានដារ៉ា អធិការរងខណ្ឌមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដឹកនាំដោយលោក ឡាក់ ស៊ីដេត មេបញ្ជការរងអាវុធហត្ថខណ្ឌ និងកម្លាំងប្រជាការពារសង្កាត់-ខណ្ឌ សរុបប្រមាណជិត១០០នាក់ និងមានការឯកភាពពីលោកស្រី ស៉ឺ វណ្ណី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាលនៅចំណុចសំណង់ អាណាធិបតេយ្យ តំបន់វាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នៅចំណុចខាងលើ កម្លាំងយើងបានធ្វើការរុះរើរ ផ្ទះឈើតូចៗ៣ខ្នង រួមទាំងទូហ្គេម៥គ្រឿង ទូបាញ់ត្រី១គ្រឿង ត្រូវវាយកម្ទេចចោលនៅហ្នឹងកន្លែងភ្លាមៗ ក្រោយរកឃើញថាមានពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
លោក ឌី រ័ត្នខេមរុណ បានមានប្រសាសន៍ឲ្យដឹងថា ដោយយល់ឃើញថាលំនៅឋាន ទាំង៣ដែលត្រូវរុះរើរ ជាទីតាំងបណ្តុំទៅដោយការប្រើប្រាស់ ក៏ដូចជា ជាកន្លែងដែលមានប្រមូលម្តុំទៅដោយការជួញដូរគ្រឿងញៀន យ៉ាងខ្លាំងក្លានោះ កម្លាំងអាជ្ញាធរចម្រុះ ដោយមានការឯកភាពពីថ្នាក់លើ សម្រេចវាយកម្ទេចលំនៅឋានទាំង៣ខ្នងតូចៗនេះចោលតែម្តង ។ ស្របពេលជាមួយគ្នានោះ កម្លាំងអាជ្ញាធរបានរកឃើញទូហ្គេម៥គ្រឿង ដែលលាក់ទុកនៅក្នុងលំនៅឋានក្បែរនោះ ក៏ធ្វើការដកហូតយកមកវាយកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង ។
លោកអភិបាលរងបន្ថែមថា សំណង់លំនៅឋានតូចៗជាច្រើននៅចំណុចខាងលើ សុទ្ធសឹងជាសំណង់សង់ឡើងពីឈើប្រក់សង្ក័សី ហើយក៏ជាប្រភេទសំណង់អាណាធិបតេយ្យ ពោលគ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ដូច្នេះហើយប្រសិនបើទីតាំងណាមួយដែលមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ពិសេសការយកទីតាំងធ្វើជាកន្លែងប្រព្រឹត្តិបទល្មើសផ្សេងៗ ប៉ះពាល់ដល់សង្គមពលរដ្ឋ ក៏ដូចជាសង្គមជាតិនោះ អាជ្ញាធរនឹងធ្វើការរុះរើរទីតាំងនោះចោល ហើយនឹងមិនបន្តអនុញ្ញាត្តិឲ្យមានជាសំណង់សាងសង់ថ្មីលើផ្ទៃដីចាស់បានទៀតជាដាច់ខាត ។
សូមបញ្ជាក់ថា ក្នុងការចុះរដ្ឋបាលតំបន់វាលខ្សាច់ខាងលើនេះ កម្លាំងអាជ្ញាធរចម្រុះ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី១៥នាក់ ពាក់ព័ន្ធនឹងបទល្មើលគ្រឿងញៀន រួមទាំងធ្វើការដកហូតនូវវត្ថុតាងគ្រឿងញៀនមួយចំនួនផងដែរ ។
គួររំលឹកថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះកន្លងទៅកម្លាំងអាជ្ញាធរចម្រុះ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ធ្លាប់បានចុះវាយរុះរើរលំនៅឋានតូចៗ ចំនួន៦ខ្នងផ្ទះនៅតំបន់ខាងលើម្តងរួចមកហើយ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។
ជាមួយគ្នានេះដែរលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ សូមស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតឲ្យ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យនេះផងដែរ៕ ភារ៉ា ដង្កោ