ខេត្តកំពង់ធំ៖ បទល្មើសនេសាទនៅខេត្តកំពង់ធំកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ ហើយប្រសិនបើគ្មានចំណាត់ការបង្ក្រាបទេនោះ វានឹងក្លាយទៅជាជំងឺមួយដែលពិបាកព្យាបាល។ ក្រុមមន្ត្រីជលផលគឺជាអ្នកឃុបឃិតជាមួយឈ្មួញរួមគ្នាកសាងបទល្មើស ដើម្បីផលប្រយោជន៍បក្ខពួកខ្លួន។ រីឯប្រជាពលរដ្ឋនេសាទតួចតាច ដែលមិនបង់ប្រាក់ឲ្យពួកគេត្រូវក្រុមមន្ត្រីជលផលទាំងនោះចាប់យកស្នាដៃបង្ហាញថ្នាក់លើ ដែលល្ងឹតល្ងង់។
នៅខេត្តកំពង់ធំ លោកយ៉ាន់ វិសាក់ ហៅសែ មានតួនាទីជានាយផ្នែករដ្ឋបាលផាត់សណ្តាយ ត្រូវគេចាត់ទុកថាជាមេក្លោងក្នុងការចុះអនុវត្តផ្ទាល់ប្រព្រឹត្តល្មើស ក្រោមក្រសែភ្នែកលោកប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ។ បទល្មើសនេសាទកើតមានគ្រប់ទីកន្លែង គ្រប់រដូវកាលបាននិងកំពុងបំផ្លិចបំផ្លាញធនធានជលផលជារៀងរាល់ថ្ងៃក្នុងកម្រិតប្រកាសអាសន្នដ៏ធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ ក្រោមអំណាចរបស់ពួកមន្ត្រីជលផលទាំងនេះ ។ បទល្មើសជលផលទ្រង់ទ្រាយធំទាំងនោះរួមមាន៖
១ ការបើកឲ្យនេសាទត្រីដោយប្រើឧបករណ៍ឆក់ក្តៅ, ត្រជាក់ នៅតំបន់អភិរក្សជលផលអតីតឡូត៍លេខ២ ដែលកំពុងកើតមានជារៀងរាល់ថ្ងៃនេះ។
២ អនុញ្ញាតឲ្យជនសង្ស័យកាប់ព្រៃលិចទឹក ដែលជាកន្លែងសម្រាប់ឲ្យមច្ឆជាតិជ្រកនៅ ជាពិសេសវាបង្កឲ្យទៅជាការហូរច្រោះ, កំណកបាតបឹង ស្ទឹងព្រែករីងរាក់។
៣ បើកឲ្យឈ្មួញនេសាទដោយឧបករណ៍ណរ៉ាវ សាច់អួនក្រឡាញឹកទ្រង់ទ្រាយធំទាំងក្នុងរដូវបិទនេសាទ ក៏ដូចជាបើកនេសាទ។ ពួកគេអាចចាប់យកមេពួជត្រីក្នុងឱកាសត្រីពងកូន និងបម្លាស់ទីស្វែងរកចំណីនៅក្នុងភូមិសាស្ត្រឃុំពាមបាង និងឃុំបាត់សណ្តាយ។
៤ អនុញ្ញាតឲ្យឈ្មួញអូសលៀស ឬកៅលៀសចេញពីក្នុងភក់ ដោយប្រើម៉ាស៊ីនដែលច្បាប់ហាមឃាត់។
៥ អនុញ្ញាតឲ្យឈ្មួញរុញជន(លៀស) ដោយប្រើកម្លាំងម៉ាស៊ីន។
៦ បើកឲ្យអ្នកនេសាទដាក់ធ្នក់ស្រូបទាញយកផលប្រយោជន៍ពីធនធានជលផល ដែលឈ្មួញបែងចែកផលប្រយោជន៍ឲ្យក្នុងនោះមានឈ្មោះ ង្វៀង យ៉ាំងឡាំង, ផាន់ ផាន(អតីតមេឃុំពាមបាង), អ្នកទិញត្រីឈ្មោះ ពត សិកា… ដែលពួកឈ្មួញទាំងនេះបានបង់លុយឲ្យមន្ត្រីជលផលរាប់រយលានរៀល។
៧ អនុញ្ញាតឲ្យឈ្មួញអូសអួនគូ(យ៉ាំងកាវ) ចំនួន៧វង់ដែលកំពុងធ្វើសកម្មភាពនេសាទក្នុងបឹងទន្លេសាប ជាពិសេសក្នុងតំបន់អភិរក្សជលផលលេខ៤ទាំងយប់ ទាំងថ្ងៃ។ នៅទីនោះមានជនជាតិវៀតណាមចំនួន៥នាក់ ដែលមកពីឃុំកំពង់លួង ស្រុកក្រគរ៤នាក់ និងមកពីឃុំឆ្នុកទ្រូ(ខេត្តកំពង់ឆ្នាំង)ម្នាក់ ។
៨ ចាប់ជំរិតទារប្រាក់ពីជនសង្ស័យ ក្រោមហេតុផលពិន័យជាប្រាក់ដោយគ្មានតម្លាភាព។
ទាំងអស់នេះជាអំពើពុករលួយ ដែលប្រជាពលរដ្ឋបានបង្ហាញជាបឋម ពីព្រោះថា នៅមានចំណុចអវិជ្ជមានទៀត ដែលក្រុមមន្ត្រីជលផល ខេត្តកំពង់ធំ ដឹកនាំដោយលោកប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ហែហមដោយមន្ត្រីដៃជើងមួយចំនួនដូចជា លោកហួន ផល, លោកប៉ែន សារ៉ាត និងលោកយ៉ាន់ វិសាក់ ជាដើម៕ ហេង សូរិយា

លោកយ៉ាន់ វិសាក់

លោកប៉ែន សារាត

លោកហួន ផល

លោកប៉ែន វណ្ណរិទ្ធ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច