ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនប្រុស ស្រី៣នាក់ ចាប់យកម្សៅសង្ស័យថ្នាំញៀន២៤កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុស១នាក់ និងស្រី២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍ដង្កោ ស្រាវជ្រាវនិងបង្ក្រាបបាន ដោយដកហូតបានថ្នាំញៀនចំនួន២៤កញ្ចប់តូច។

ការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបខាងលើនេះ គឺធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចគ្រប់បណ្តារប៉ុស្តិ៍ក្នុងខណ្ឌ យកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យអស់ពីមូលដ្ឋាន ទើបកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកអនុសេនីយ៍ទោ ជាង ហុកសែ អធិការរងខណ្ឌដង្កោ សហការជាមួយនិងនគរបាលប៉ុស្តិ៍ដង្កោ ដឹកនាំដោយលោក តឹម តូនី នាយនគរបាលប៉ុស្តិ៍ដង្កោ បើកការស្រាវជ្រាវឈានទៅដល់ការចុះបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់តែម្តង។

ជនសង្ស័យទី១ ឈ្មោះ ហៀង ជាតិ ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកប្រើប្រាស់) ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិបួរ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ , ជនសង្ស័យទី២ ឈ្មោះ ជា យ៉ូរ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិព្រែកត្រឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល (អ្នកប្រើប្រាស់) និងជនសង្ស័យទី៣ឈ្មោះ ចេង ចិន្តា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ (ជាម្ចាស់គ្រឿងញៀន) ដកហូតបានគ្រឿងញៀនចំនួន២៤កញ្ចប់តូច ដែលទិញពីគេក្នុងតម្លៃ១០០ដុល្លារ សម្រាប់លក់បន្ត និងមានស្រុកកំណើតនៅភូមិថ្មគោល ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕ ភារ៉ា ដង្កោ


ចែករំលែក៖