ភ្នំពេញ៖ បុរសឈាមរាវទំនងមើលរឿងចិនហុងកុងច្រើនពេក ហើយចង់សម្តែងដូចរឿងចិនក៏កាន់កាំបិតបុ័ងតោដេញកាប់មកលើជនរងគ្រោះម្នាក់ជាមន្ត្រីយោធា បង្កការភ្ញាក់ផ្អើល ខណៈដែលជនរងគ្រោះកំពុងអង្គុយហូបបាយជុំគ្នានឹងក្រុមគ្រួសារ តែសំណាងល្អត្រង់ថា ជនរងគ្រោះបានក្រឡេកឃើញទាន់ ក៏រត់បាតជើងសព្រាតតែម្តង ដើម្បីគេចពីការប៉ុនប៉ងរបស់គូសត្រូវដែលធ្លាប់មានការទំនាស់គ្នាម្តងហើយដែរកាលពីកន្លងទៅ។
ហេតុការណ៍ដេញកាប់គ្នានេះបានបង្កឲ្យមានការភ្ញាក់កាលពីវេលាម៉ោង៩យប់ ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ លុះព្រឹកឡើងថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ជនសង្ស័យត្រូវបានក្រុមគ្រួសាររបស់ជនរងគ្រោះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ៣ ចាត់ការតាមច្បាប់។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យមានឈ្មោះ ចាន់ ជឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករលីសែងស៊ីម៉ង់ត៍ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ សោម សាវឿន ហៅម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ ជាមន្ត្រីយោធា ស្នាក់នៅផ្ទះគ្មានលេខ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងទៀតថា តាមពិតទៅរវាងជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាស់គ្នាម្តងរួចហើយកាលពីថ្ងៃមុនកើតហេតុ លុះនៅវេលាយប់ថ្ងៃទី៩ ធ្នូ នេះ ជនសង្ស័យបានឃើញជនរងគ្រោះកំពុងអង្គុយហូបបាយជាមួយក្រុមគ្រួសារក៏ទាវយកកាំបិតបុ័ងតោដេញកាប់មកលើជនរងគ្រោះ។ ពេលនោះជនរងគ្រោះឃើញទាន់ក៏រត់គេចបាតជើងសព្រាតបង្កការភ្ញាក់ផ្អើល ហើយក្រោយមកជនសង្ស័យក៏បានដើរទៅបន្ទប់របស់ខ្លួនវិញបាត់ ដែលរស់នៅជិតខាងគ្នានិងជនរងគ្រោះ។ ម្យ៉ាងជនសង្ស័យក៏មានអាការះស្រវឹងស្រាផងដែរ។
សមត្ថកិច្ចបន្តថា លុះព្រឹកឡើងថ្ងៃទី១០ធ្នូ ត្រូវនិងថ្ងៃអាទិត្យក្រុមគ្រួសារជនរងគ្រោះបានឃើញជនសង្ស័យដើរកាត់មុខផ្ទះកើតហេតុ ក៏នាំគ្នាចាប់ឃាត់ខ្លួននាំទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ៣ ចាត់ការតាមច្បាប់តែម្តង។ សមត្ថកិច្ចបន្តទៀតថា ក្រោយធ្វើកំណត់ហេតុរួចរាល់ ហើយជនសង្ស័យក៏បានសារភាពទោសកំហុសរបស់ខ្លួនផងដែរ និងបានការអនុញ្ញាតពីលោកអធិការខណ្ឌមានជ័យ និងព្រះរាជអាជ្ញារង ហេតុដូច្នេះជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីរងចាំការបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ៕ តាឡឹម