ភ្នំពេញ៖ សំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ដែលមនុស្សនៅក្នុងរថយន្តទាំងអស់មិនមានអ្នកណាគ្រោះថ្នាក់ដល់អាយុជីវិត ឬរងរបួសនោះទេនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកTOYOTAស៊េរីចាស់១២កៅអីបុកនិងម៉ូតូហើយជ្រុលក្បាលរថយន្តធ្លាក់ចូលលូរតែម្តង។ ដោយឡែកអ្នកបើកបររថយន្តឃើញសភាពមិនស្រួល ក៏រត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនោះចោលនៅក្នុងលូរឲ្យសមត្ថកិច្ចប៉ុសិ៍្តចោមចៅជួយមើល។ ចំណែកអ្នកដំណើរស្រឡាំងកាំងគ្រប់គ្នារករថយន្តជិះរៀងៗខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនិងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចទល់មុខសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តនេះជារថយន្តតាក់ស៊ីកំពង់ស្ពឺធ្វើដំណើរពីកើតមកទៅលិច ហើយមិនដឹងថាអ្នកបើកបររថយន្តគាត់ងងុយ ឬយ៉ាងម៉េចនោះទេក៏បុកនិងម៉ូតូជិះស្របទិសគ្នាបណ្តាលឲ្យរថយន្តរេចង្កូតធ្លាក់ក្បាលរថយន្តចូលលូស្ទើរពាក់កណ្តាលខ្លួន។ អ្នកបើកបរក៏រត់ចោលរថយន្តបាត់ស្រមោលតែម្តង ចំណែកភាគីម្ចាស់ម៉ូតូរបួសបន្តិចបន្ទួចទេ។
សមត្ថកិច្ចបន្តថា រថយន្តម៉ាកTOYOTAស៊េរីចាស់១២កៅអី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2G-9483។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FA-1830។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានស្ទួចរថយន្តនោះរក្សាទុកនៅសាលាសង្កាត់ចោមចៅ ដើម្បីទុកឱកាសឲ្យភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយ ជាមួយនឹងភាគីម្ចាស់ម៉ូតូរងគ្រោះ៕ តាឡឹម