ភ្នំពេញ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា មានម្ចាស់បន្ទប់ជួលមួយចំនួនតូចនៅតែគឃ្លើននឹងការអំពាវនាវរបស់ សម្ដេចតេជោ ជាក់ស្ដែងម្ចាស់បន្ទប់ជួល ដែលមានជាង៤០០បន្ទប់ នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យបានដំឡើងថ្លៃបន្ទប់ជួលរបស់ខ្លួនពី៥ដុល្លារទៅ១០ដុល្លាររួចបាត់ទៅហើយដែល ប្រការនេះធើ្វឲ្យកម្មករកម្មការិនីប្រតិកម្ម ។
ក្រៅពីការដំឡើងថ្លៃបន្ទប់ជួលដែល មិនមានអនាម័យល្អ និងទឹកប្រើប្រាស់មានកំបោរខ្លាំង ហើយថ្លៃភ្លើងដល់ទៅ១.៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងហើយនោះក៏ម្ចាស់បន្ទប់ជួលជាង៤០០បន្ទប់នោះបានបណ្ដេញអ្នកជួលដែលតវ៉ាចេញពីបន្ទប់ ប្រមាណ២-៣បន្ទប់រួចរាល់ហើយ ហើយថែមទាំងបានព្រមានដល់អ្នកជួលផ្សេងទៀតថា ប្រសិនបើហ៊ានទម្លាយរឿងនេះទៅក្រុមអ្នកសារព័ត៌មាន ឬអាជ្ញាធរនោះ នឹងដេញចេញពីបន្ទប់ភ្លាម ។
ប៉ុន្ដែការព្រមានថានឹងបណ្ដេញចេញនេះ កាន់តែធ្វើឲ្យក្រុមកម្មករ និងអាជីវករ តូចតាចអាចដែលរកស៊ីត្រឹមមួយរស់ៗ ទប់មិនបាននោះឡើយ ពោលគឺទម្លាយ ប្រាប់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដើម្បី ឲ្យជួយផ្សព្វផ្សាយ និងដោះស្រាយជូនពួកគាត់ផង ព្រោះថាការដំឡើងថ្លៃបន្ទប់ជួលនេះធ្វើឲ្យពួកគាត់កាន់តែត្រូវចំណាយច្រើនជាងមុនបន្ថែមទៀត ។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០១៧ បានចាត់ឲ្យលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ និងមន្ដ្រីជំនាញពាក់ព័ន្ធចុះជួយធ្វើអន្ដរាគមន៍រក ដំណោះស្រាយជូនក្រុមកម្មករ និងអាជីវករតូចតាចផងដែរដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយរបស់ពួកគាត់ ។
លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានសន្យាថា នឹងដោះស្រាយ ជូនប្រជាពលរដ្ឋនៅតាមបន្ទប់ជួលនោះ ដើម្បីឲ្យស្របតាមការអំពាវនាវរបស់សម្ដេចតេជោហ៊ុន សែន កុំឲ្យម្ចាស់បន្ទប់ ជួលមានការដំឡើងថ្លៃ បើទោះបីប្រាក់ ឈ្នួលរបស់កម្មករបានឡើងមួយកម្រិតទៀតក៏ដោយ ។
យ៉ាងណាមិញ អ្នកជួលបន្ទប់ជួលទាំង៤០បន្ទប់ ដែលបានដំឡើងថ្លៃរយៈពេល ជាង២ខែមកហើយ ក្នុងចំណោមបន្ទប់ជាង៤០០បន្ទប់នោះ បានរៀបរាប់ពីទុក្ខលំបាកថែមទៀតថា បន្ទប់ជួលដែលគេដំឡើងថ្លៃនោះមានចំនួនពី៥-១០ដុល្លារទៅតាមបន្ទប់ តូចឬធំ ប៉ុន្ដែស្ថានភាពបន្ទប់វិញគឺមិនមានអនាម័យត្រឹមត្រូវនោះទេ ។
បើនិយាយពីទឹកប្រើប្រាស់វិញពីមុន តម្លៃមួយម៉ែត្រគូបតែ២.០០០រៀល ប៉ុណ្ណោះ ហើយរយៈពេល២ខែចុងក្រោយនេះ ម្ចាស់បន្ទប់ជួលដំឡើងដល់៣.០០០រៀលក្នុងមួយម៉ែត្រគូប ខណៈដែលទឹកនោះមិនមែនជាប្រភេទទឹកស្អាតនោះទេ គឺជាប្រភេទទឹកអណ្ដូង ដែលពិបាកក្នុងការប្រើប្រាស់បរិភោគខ្លាំងណាស់ព្រោះថាមានជាតិកំបោរច្រើនពេកទុកមិនបានយូរឡើយ ។
មួយវិញទៀត សម្រាប់ថ្លៃនៃការប្រើ ប្រាស់ភ្លើងវិញពីមុនប្រើភ្លើងឯកជនតម្លៃ ១.៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងក្រោយ មកផ្លាស់ទៅប្រើប្រាស់ភ្លើងដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជាវិញ ប៉ុន្ដែតម្លៃនៅ តែ១.៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដដែល ។
ក្រៅពីការរៀបរាប់ពីទុក្ខលំបាកបែបនេះក្រុមកម្មករ និងអាជីវករទាំងអស់នោះបានទទូចដល់អាជ្ញាធរមូលដ្ឋាននិងថ្នាក់ដឹកនាំមេត្តាជួយដោះស្រាយជូនពួកគាត់ផងថ្វីដ្បិតតែប្រាក់ឈ្នួលត្រូវដំឡើងពិតមែនតែ ប្រសិនបើបន្ទប់ជួលឡើងថ្លៃបែបនេះពួកគាត់នៅតែជួបការលំបាកដដែល។ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយក៏លោកអភិបាលខណ្ឌពោធិ៍សែនជ័យបានសន្យាថានឹដោះស្រាយជូនពួកគាត់ឲ្យខាងតែបាន ៕ ហេង សូរិយា