ខេត្តឧត្តរមានជ័យ៖ រថយន្តធុនយក្ស១គ្រឿង ដឹកស្រូវដោយមានបង្កប់ឈើពីក្រោម ត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបបានកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ធ្នូ ក្នុងភូមិស្លែងព័រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បើតាមសម្តីតៃកុងរថយន្ត ឈ្មោះ ម៉េង ញី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគងជ័យ ឃុំគងជ័យ ស្រុកគងជ័យ ខេត្តកំពង់ចាម បានប្រាប់ថា ខ្លួនជាអ្នកស៊ីឈ្នួលបើកបររថយន្ត ដោយសារតែថៅកែបានឲ្យខ្លួនទៅដឹកស្រូវ នៅឯស្រុកឆែប ខេត្តព្រះវិហារ លុះត្រឡប់ទៅខេត្តបាត់ដំបងវិញ ខ្លួនក៏បានលួចបង្កប់ឈើចំនួន៣ម៉ែត្រគូប ដើម្បីយកទៅធ្វើផ្ទះប៉ុណ្ណោះ មិនបានយកទៅលក់ដូរទេ។
ករណីនេះ លោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង បានឲ្យដឹងថា ក្រោយពីកម្លាំងចម្រុះធ្វើការបង្ក្រាប រថយន្តដែលបង្កប់ឈើពីក្រោមស្រូវពីលើ មន្រីជំនាញបានយករថយន្តនេះ មករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ លុះនៅវេលាម៉ោង១រសៀល ថ្ងៃទី១២ ធ្នូ ម្ចាស់រថយន្តបានចូលខ្លួនមកធ្វើការដោះស្រាយរួចហើយ លោកបានចាត់ការទៅតាមផ្លូវច្បាប់៕ ប៉ែន នួន