ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកថ្ងៃទី១៣នេះសម្ថតកិច្ចបញ្ជូនខ្លួនជនញៀនថ្នាំ៤នាក់ និងវត្ថុតាងទៅតុលាការខេត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយបានការ ចូលរួមសហការ ពីកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ស្វាយដង្គំ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅលំនៅឋានក្រុមទី៦ ភូមិស្វាយដង្គំ និងភូមិស្ទឹងថ្មីសង្កាត់ ស្វាយដង្គំក្រុងខេត្តសៀមរាប រហូតឈានដល់ឃាត់ខ្លូនបានជាបន្តបន្ទាប់ចំនួន៤នាក់ នៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃ​តែ​មួយ រួចនាំយកមកសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូន​បន្តទៅ​តុលាការ​ចាត់ការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ថា ជនសង្ស័យចំនួន០៤នាក់ មាន៖ទី០១/ឈ្មោះ សែន ពេជ្រ ហៅ តាក់ ភេទប្រុសអាយុ២០ឆ្នាំមុខរបររត់ម៉ូតូឌុប មានទីលំនៅក្រុមទី៦ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន) ទី០២/ឈ្មោះ ចៅ ប៊ុនហៃ ហៅ ហ៊ា ភេទប្រុសអាយុ ៣០ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី០៣/ឈ្មោះ វ៉ាន់ យ៉ាក់ហ្វើត ហៅ ពើត ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ ១៨ឆ្នាំមុខរបរគ្មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី០៤/ឈ្មោះ ទេស បូរិទ្ធ ហៅ ពេជ្រ ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀ មរាប(រក្សាទុកនិងជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន)។

លោកបានបន្តថា ក្រោយពីកម្លាំងសម្ថតកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យខាងលើ ជាបន្តបន្ទាប់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីន ចំនួន១៣កញ្ចប់ ទម្ងន់សរុប ស្មើនឹងទំងន់ ២០,៣ក្រាម ឧបករណ៍ប្រើប្រាស់ ថ្នាំញៀនមួយចំនួន ទូរស័ព្ទដៃ ចំនួន០៧គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ខណៈនោះ ដោយសារស្ថានភាពល្ងាចពេក ត្រូវបានតំណាងអយ្យការ អមសាលាដំបូងខេត្ត ប្រគល់ឲ្យសមត្ថកិច្ចយកមកឃុំខ្លួនបណ្តោះអាសន្ន សិន ទុកនៅប៉ុស្តិ៍នគរបាលសង្កាត់គោចក ដើម្បី បញ្ជូនខ្លួនជនសង្ស័យមកតុលាការវិញ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖