ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ចំការអំពៅប្រមាណ៧ហិចតា ត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករនាំគ្នាជួយពន្លត់ ខ្លះដងទឹកជះ ខ្លះរាយករណ៍មកសមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំការអំពៅរបស់ក្រុមហ៊ុនមិត្តភាព (ខូអិលធីឌី)នៅភូមិបុសតូច ឃំុពងទឹក ស្រុករំដួល ។
យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានប្រាប់កាសែតនគរវត្តនៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ថា ពិតជាមានករណីឆេះចំការអំពៅប្រមាណ៧ហិចតាពិតប្រាកដមែន តាមជំហានដំបូង សមត្ថកិច្ចសង្ស័យបណ្ដាលមកពីការចោលបន្ទុយបារីនៅក្នុងចំការណាមួយ ពេលថ្ងៃក្ដៅផង ក៏បង្កឲ្យមានការឆាបឆេះឡើងឆាប់រហ័សបែបនេះ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវ និងសាកសួរដល់កម្មករបន្តទៀតរកមូលហេតុពិតប្រាកដ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នារសៀលថ្ងៃដដែល ភ្លើងត្រូវបានរលត់ទៅវិញ ដោយមានសហការជាមួយកម្មករ និងអាជ្ញាធរមូលដ្ឋាននាំគ្នាជួយពន្លត់យ៉ាងសស្រាក់សស្រាំផងដែរ។
សូមបញ្ជាក់ថា ក្នុងខេត្តស្វាយរៀង ការឆេះចំការអំពៅមិនមែនជាលើកទី១នោះទេ គឺឆេះច្រើនលើកមកហើយ ដោយភាគច្រើនសង្ស័យមានមនុស្សច្រណែនគ្នាក្នុងការរកស៊ី លួចដុតខណៈសមត្ថកិច្ចមិនទាន់ស្រាវជ្រាវឬរកមុខសញាបាននៅឡើយទេ រហូតមកដល់ពេលនេះ៕ យឹម សុថាន