ខេត្តកណ្តាល៖ នៅរសៀលថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យបីនាក់ ពាក់ព័ន្ធករណីលួច និងករណីបង្កធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ អ្នកដទៃ ត្រូវបញ្ជូនមកតុលាការដើម្បីចាត់ការតាមច្បាប់។ បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ កំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការ។
ជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីលួចទី១ មានឈ្មោះ ទៃ ជៀន ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ទី២ ឈ្មោះ កែន ស្រ៊ាង ហៅសឿ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។ ចំណែកជនសង្ស័យទី៣ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃមានឈ្មោះមុត លីណាន ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅ ភូមិ ទេពអរជូន ឃុំកោះខែល ស្រុកស្អាង។
ហេតុការណ៍ឃាត់ខ្លួននេះ ជនសង្ស័យ ធ្វើឡើងកាលពី អង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ខែ ខែធ្នូ គ.ស២០១៧ នៅចំណុចស្រុកស្អាង និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕ ឆ ដា