ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈរាយខ្សែភ្លើងឆក់ត្រីក្នុងត្រពាំង ហើយសង្ស័យភ្លាតស្នៀតបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ទាំងនៅវ័យក្មេង។
ករណីគ្រោះថ្នាក់នេះកើតឡើងនៅចំណុចត្រពាំងទឹកមួយកន្លែង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនរងគ្រោះឈ្មោះ ប្រុញ ធារិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅរោងកម្មករ ក្បែរកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតភូមិថាដែង ឃុំ ថាដែងថ្មី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ៕ តុង សីហា