ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ចំណាយសម្រាប់ការពារជាតិនៅឆ្នាំ២០១៨ ដែលមានទឹកប្រាក់រហូតដល់ទៅ៧០០ពាន់លានដុល្លារ។ ជាមួយនឹងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ អាមេរិកនឹងបង្កើនសមត្ថភាពយោធាអាវុធឲ្យខ្លាំងជាងគេបំផុតនៅលើពិភពលលោក។
សារព័ត៌ AFP បានផ្សាយថា ច្បាប់ខាងលើនឹងផ្តល់ប្រាក់រហូតដល់ទៅ៧០០ពាន់លានដុល្លារសម្រាប់ចំណាយរបស់ក្រសួងការពារជាតិនៅឆ្នាំ២០១៨។ ប្រធានាធិបតីអាមេរិ ក ដូណាល់ ត្រាំ បានប្រកាសនៅសេតវិមានថា ការអនុម័តច្បាប់ខាងលើ គឺជាការចាប់ផ្តើមពង្រឹងកម្លាំងយោធាអាមេរិក កាន់តែខ្លាំងឡើង ដែលប្រទេសផ្សេងទៀតមិនអាចដើរទាន់ឡើយ។
ជាមួយនឹងប្រាក់ចំណាយយ៉ាងច្រើននោះ មន្ទីរបញ្ចកោណអាមេរិក នឹងទិញយន្តហោះចម្បាំងទំនើបៗបន្ថែមទៀត ដូចជាយន្តហោះ F-35, នាវាមុជទឹកដើរដោយថាមពលបរមាណូ, រថក្រោះ M1 Abrams និងអភិវឌ្ឍន៍ប្រព័ន្ធកាំជ្រួចមីស៊ីលការពារឲ្យកាន់តែទំនើប។
ការបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិបន្ថែម៨០ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៧ បានជួយដល់កម្លាំងទាហានអាមេរិក បន្តក្សា និងពង្រីកទីតាំងយោធាជាង២០០កន្លែងនៅជុំវិញពិភពលោក។ ជាមួយគ្នានោះអាមេរិក បានធានាដល់ការដំណើរការនៅក្នុងសង្គ្រាមនៅប្រទេសអាហ្វហ្គានិស្ថាន អុីរ៉ាក់ និងស៊ីរី។
ជាមួយនឹងប្រាក់ចំណាយរហូតដល់ទៅ៧០០ពាន់លានដុល្លារសម្រាប់ការពារជាតិ ប្រាក់ចំណាយច្រើនជាងប្រទេសមហាអំណាចយោធាផ្សេងទៀតរហូតដល់ទៅ៨បូកបញ្ចូលគ្នា ក្នុងនោះមានទាំងរុស្ស៊ី និងចិនជាដើម។
កន្លងមកច្បាប់ស្តីពីមូលនិធិឆ្នាំ២០១៨ ត្រូវបានព្រឹទ្ធសភាអាមេរិក អនុម័តដោយមានសំឡេងគាំទ្រខ្ពស់ គឺ៣៥៦សំឡេង និង៧០សំឡេងទៀតប្រឆាំង។ ប៉ុន្តែព្រឹទ្ធសភាអាមេរិក មិនបានបញ្ជាក់ថា មូលនិធិខាងលើនឹងត្រូវយកមកពីណានោះឡើយ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រកាសពីយុទ្ធសាស្ត្រ សន្តិសុខថ្មីនៅសប្តាហ៍ក្រោយ។ នៅក្នុងគម្រោងសន្តិសុខថ្មី អាមេរិកផ្តោតទៅលើការការពារសន្តិសុខផ្ទៃក្នុងអាមេរិក។ ក្រៅពីនេះអាមេរិក និងបញ្ជាក់ពីការគំរាមកំហែងរបស់ប្រទេសមួយចំនួនដល់សន្តិសុខ និងផលប្រយោជន៍របស់អាមេរិក ក្នុងនោះមាន រុស្ស៊ី អុីរ៉ង់ ចិន និងកូរ៉េខាងជើង ព្រមទាំងក្រុមភេរវកម្មនានានៅជុំវិញពិភពលោក៕ ម៉ែវ សាធី