ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើលោតឆត្រត្រូវក្រុមបរិស្ថានបង្ក្រាប

ចែករំលែក៖

ខេត្តមណ្ឌលគិរី​៖​ រថយន្ត​យី​ឌុប​មួយគ្រឿង​ ដឹកឈើ ត្រូវ​សមត្ថកិច្ច​បរិស្ថាន​ខេត្តមណ្ឌលគិរី​ឃាត់​ឆែកឆេរ​រក​ច្បាប់​ ខណៈ​ដែល​កំពុង​ជញ្ជូន​ចេញពី​ទឹកដី​ឃុំ​ស្រែ​ឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។

សកម្មភាពបង្ក្រាបនេះបានធ្វើឡើងនៅ​វេលា​ទៀបភ្លឺ​ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៧​​។​

​តាមប្រភពី​ឃុំ​ស្រែ​ឈូក​បានឱ្យ​ដឹងថា ​រថយន្ត​នោះ​មាន​សមត្ថកិច្ច​ក្នុង​ស្ថាប័ន​ប្រដាប់អាវុធ​បីនាក់​ ដែល​កំពុងធ្វើការងារក្នុងខេត្តមណ្ឌលគិរី​។​ ក្នុងនោះ​មានឈ្មោះ​ចាប កុស​ល្យ ជា​មេ គ​២ វរៈ​អន្តរាគមន៍​លេខ​១  និង​ឈ្មោះ​កែវ​ ចិន្តា​ នគរបាល​នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី​។​

ប្រភព​ដដែល​បាន​បន្តថា​ អ្នក​ទាំងបី​ជា​អ្នក​នាំមុខគេ​ក្នុងការ​បញ្ជា​ឱ្យ​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ និង​ជា​អ្នករត់​ការ​តាម​ជំនាញ​ស្ថាប័ន​របស់គេ​ម្នាក់ៗ ដែល​កំពុង​ធ្វើការ​សព្វថ្ងៃ​នោះ​។

ប្រភពពីកន្លែងឃាត់រថយន្ត​បាន​ប្រាប់ថា ឈើ​ដែល​ផ្ទុក​ក្នុង​ឡាន​យី​ឌុប​នោះ ជា​ប្រភេទ​ឈើ​សុ​ក្រំ អារ​បួនជ្រុងទ្រវែង មាន​ចំនួន​ពេញ​ទ្រុង​រថយន្ត​តែម្តង​។​

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោកកែវ សុភគ៌ បានក្រុមអ្នកព័ត៌មានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា ក្រុមកាងារលោកកំពុងត្រួតពិនិត្យឈើក្នុងរថយន្តថាតើមានច្បាប់ដឹកជញ្ជូន​ឬក៏​អត់​។​

លោកបន្តថា នៅមិនដឹងថា ឈើ និងរថយន្តទាំងនោះ ជា​របស់​អ្នកណា​នោះទេ​។​

លោក​ចាប កុស​ល្យ មេ គ​២ នៃ​វរៈ​អន្តរាគមន៍​លេខ​១ និង​ត្រូវជា​ប្អូនថ្លៃ​លោក​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរីប្រាប់ក្រុម​ព័ត៌មានតាមទូរស័ព្ទថា ពិតជារបស់លោកមែនរថយន្ត​ដឹកឈើ​នោះ​។

​ដោយឡែក​លោក​កែវ ​ចិន្តា ​មិនទាន់បាន​សុំ​ការបំភ្លឺ​នៅឡើយ​នា​ថ្ងៃ​ដដែល​នេះ​​ ។​

រហូតមកដល់វេលាថ្ងៃត្រង់ថ្ងៃដដែលនេះ គេនៅមិនទាន់ដឹងពីចំណាត់ការរបស់​មន្ទីរ​បរិស្ថាន​នៅឡើយ ​៕ សហការី

 

 


ចែករំលែក៖