ភ្នំពេញ៖ ប្រជាពលរដ្ឋពីរភូមិ៦ភូមិ ៩ និង១៦ ចំនួន៦៦៤គ្រូសារ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មកទទួលបាន ប័ណ្ណកម្មសិទ្ធ សម្គាល់អចលនវត្ថុ ពីអភិបាលរាជធានីភ្នំពេញ សំរាប់យកទៅប្រើប្រាស់ជាផ្លូវការណាមួយដែលពួកគាត់no ត្រូវការចាំបាច់។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធអចលនវត្ថុ នារសៀលថ្ងៃទី ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅមណ្ឌលកំសាន្តស៊ូល លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ៖ ថ្ងៃនេះប្រជាពលរដ្ឋចំនួន៦២២គ្រួសារនៅក្នុងភូមិទី៩ និងភូមិទី១៦ គឺបានទទួលបានប័ណ្ណកម្មសិទ្ធដីនិងលំនៅឋានរបស់ពួកគាត់ ដែលបញ្ជាក់ថា ជាកម្មសិទ្ធស្របច្បាប់ ដែលមិនមានអ្នកណាម្នាក់បំពានលើទ្រព្យសម្បត្តិដែលជាអចលនវត្ថុនេះ បាននោះទេ ។ លោកបញ្ជាក់បន្ថែមថា ៖ ក្រោយពីពួកគាត់ ទទួលបានប័ណ្ណកម្មសិទ្ធនេះជាផ្លូវការ ពួកគាត់អាចយកទៅប្រើប្រាស់ ដូចជាកម្ចីប្រាក់ពីធនាគារ ក្នុងបំណងយក ប្រាក់មកបណ្តាក់ទុនវិនិយោគទៅលើមុខរបខ្នាតតូច ឬមធ្យមបាន។
លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ៖ នេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជ រដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងអោយប្រជាពលរដ្ឋពលគ្រប់គ្នាទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី និងក៏ជាយុទ្ធសាស្រ្តកាត់ បន្ថយភាពក្រីក្រផងដែរ។ ការដែលចែកប័ណ្ណកម្មសិទ្ធដល់ប្រជាពលរដ្ឋ មានការយឺតយ៉ាវដោយសារប្រជាពលរដ្ឋទាំងពីរភូមិនេះ រស់នៅលើដីកម្មសិទ្ធរបស់រដ្ឋ ហើយរដ្ឋបាលសាលារាជធានីភ្នំពេញ រងចាំការអនុញ្ញតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីធ្វើសម្បទានអោយដល់ប្រជាពលរដ្ឋទាំងអស់នោះ។
លោក ខាន់ រិទ្ធ ចៅសង្កាត់ទន្លេបាសាក់ អោយដឹងថា “មុននឹងចេញប័ណ្ណកម្មសិទ្ធសម្គាលអចលនវត្ថុ គឺក្រុមមន្រ្តីជំនាញសូរិយាដី បានចុះមកធ្វើការវាស់វែង ក្បាលដីជូនប្រជាពលរដ្ឋជាច្រើនខែមកហើយ តែថ្ងៃនេះ គឺបានទទួលនូវប័ណ្ណកម្មសិទ្ធជាផ្លូវការហើយ។ លោកបន្តថា ៖ ប្រជាពលរដ្ឋក្នុងភូមិ៩មានចំនួន២៨៦គ្រួសារ ចំណែក ប្រជាពលរដ្ឋក្នុងភូមិ១៦មានចំនួន៣៣៦គ្រួសារ។ លោក ចៅសង្កាត់បញ្ជាក់ទៀតថា ៖ ការផ្តល់ប័ណ្ណកម្មសិទ្ធសម្គាលអចលនវត្ថុដល់ប្រជាពលរដ្ឋទាំង៦៦៤គ្រួសារនេះ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ប្រជាពលរដ្ឋអាចមកទទួលយកប័ណ្ណនៅមជ្ឈមណ្ឌលកំសានស៊ូល តែបើផុតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ប្រជាពលរដ្ឋអាចទៅទទួល យកប័ណ្ណកម្មសិទ្ធនៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយាដី រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី៩ ដែលមកទទួលយកប័ណ្ណកម្មសិទ្ធសម្គាល់អចលនវត្ថុ អ្នកស្រី ចាន់ ណា អាយុ៥០ឆ្នាំមានកូន៥នាក់ក្នុងបន្ទុក បានឲ្យដឹងថា៖ គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានទទួល ប័ណ្ណកម្មសិទ្ធ ពីរដ្ឋបាលសាលារាជធានីភ្នំពេញ។ អ្នកស្រីបញ្ជាក់ថា៖ គាត់ បានរស់នៅលើដីរបស់ខ្លួនជាង១០ឆ្នាំមកហើយ នៅពេលបានប័ណ្ណនេះ គាត់អាចយកទៅប្រើប្រាស់ដើម្បីកម្ចីលុយពីធនាគារមកប្រកបមុខរបរខ្នាតតូចបាន ៕ សំរិត