ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃចម្រុះព័ទ្ធចាប់ពលករខ្មែរ២នាក់ ក្នុងចំណោម២០នាក់ចូលកាប់ឈើគ្រញូងនៅក្នុងដីថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន២០នាក់ បានចូលទៅធ្វើសកម្មភាពកាប់ឈើគ្រញូងក្នុងដីថៃ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះថៃឡោមព័ន្ធចាប់បានខ្លួនចំនួន២នាក់ ចំណែក១៨នាក់ទៀតរត់គេចខ្លួន ខណៈដែលពលករខ្មែរទាំងនោះ កំពុងលីសែងជញ្ជូនឈើគ្រញូងចេញពីក្នុងព្រៃអភិរក្ស នៅក្នុងប្រទេសថៃ។

បើយោងតាមការដកស្រង់ចេញពីកាសែតថៃឲ្យដឹងថា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចថៃចម្រុះដែលមានទាហានឈុតខ្មៅ ទាហានប៉ារ៉ា និង អង្គភាពរដ្ឋបាលព្រៃឈើ ក្រុមអភិរក្សសត្វព្រៃ ស្រុកខ្លងហាត ខេត្តស្រះកែវ សហការគ្នាដើរល្បាតទៅកាន់តំបន់អភិរក្សសត្វព្រៃ ក្នុងចំណុចក្នុងភូមិសាស្រ្តស្រុកថាតាក់កៀប ព្រំប្រទល់រវាងខេត្តស្រះកែវ និងខេត្តឆាក់ឈើងសៅ ប្រទេសថៃ ។ ខណៈនោះសមត្ថកិច្ចចម្រុះក៏ បានប្រទះឃើញមនុស្សមួយក្រុម ដែលពួកគេ កំពុងសម្រាកនៅលើគំនរឈើគ្រញូងជាច្រើនដុំ ទើបកម្លាំងសម្រុកចូលចាប់ពូកគេប៉ុន្តែចាប់បាន២នាក់នាក់ចំណែកមួយចំនួនទៀតរត់គេចចូលក្នុងព្រៃបាត់។

ជនសង្ស័យទាំងពីរនាក់ដែលក្រុមចម្រុះថៃចាប់ខ្លួនបានសារភាពថា ពួកគេនឹងបក្ខពួក សរុបចំនួន២០នាក់ បានលបឆ្លងដែនតាមច្រកមួយចំនួនក្បែផ្សាររោងក្លឿ ស្រុកអារញ្ញ ហើយត្រូវបានជនជាតិថៃចំនួន២នាក់ ជាអ្នកនាំផ្លូវចូលទៅតាមចំណុច ខ្លងឧត្តម ឃុំវ៉ាំងថង ស្រុកវ៉ាំងសំបូរណ៍ ខេត្តស្រះកែវ ដើម្បីស៊ីឈ្នួលកាប់ឈើគ្រញូង បច្ចុប្បន្នពលករខ្មែរទាំង២នាក់ រួមជាមួយនឹងឈើ គ្រញូងចំនួន ៣០ ដុំ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនដើម្បីចាត់ការតាមផ្លូវច្បាប់របស់ប្រទេសថៃ។

សូមបញ្ជាក់ថា កាលពីអំឡុងចុងខែវិច្ឆិកា កន្លងទៅថ្មីៗនេះ មានពលករខ្មែរជិត១០០នាក់ បានស៊ីឈ្នួលឲ្យឈ្មួញជនជាតិថៃនិងជនជាតិខ្មែរ ចូលកាប់និងដឹកជញ្ជូនឈើគ្រញូងក្នុងដីថៃ ខេត្តនគររាជសីម៉ា បានរងការចាប់ខ្លួនពីសមត្ថកិច្ចថៃនិងឈើគ្រញូងជាច្រើនដុំផងដែរ៕ សំ វិច្ឆិកា


ចែករំលែក៖