ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញលួចកញ្ចក់រថយន្តទីបំផុតចូលដេកគុកស្អាត

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ប៉ុនប៉ងលួច (លួចកញ្ចក់រថយន្តពុំបានសម្រេច) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុន AIA ដែល មានទីតាំងផ្ទះលេខ៣២១ ផ្លូវម៉ៅសេទុង ក្រុមទី៣២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ អ៊ុយ ហាលវិច្ឆ័យ ហៅ ឆ័យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៦ ផ្លូវលំ ភូមិសន្សំកុសល់ទី២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៦០ឆ្នាំ ជនជាតិខ្មែរ ជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស 470 ពណ៌ស ក្រោយកើតហេតុជិះរថយន្តចេញទៅបាត់ដោយពុំបាន ដាក់ពាក្យបណ្ដឹងទេ ។

យោងតាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែល៦០ឆ្នាំ ជនជាតិខ្មែរ បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចសុីស 470 ពណ៌ស មកឈប់នៅមុខក្រុមហ៊ុន AIA ផ្លូវម៉ៅសេទុង ក្រុមទី៣២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយចុះពីលើរថយន្ត ស្រាប់តែមានជនសង្ស័យឈ្មោះ អ៊ុយ ហាវិច្ឆ័យ ហៅ ឆ័យ បានជិះម៉ូតូមកក្បែររថយន្តរបស់ជនរងគ្រោះរួចប៉ុនប៉ងធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តរបស់ជនរងគ្រោះ ភ្លាមនោះក៏ត្រូវបាន ប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ក៏ស្រែកថាចោរៗ ភ្លាមនោះកម្លាំងល្បាតរបស់ នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើនិងឆែកក្នុងខ្លួនជនសង្ស័យរូបនេះឃើញក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន ) ។

វត្ថតាងចាប់យកមាន៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន), ទុយណឺវីសចំនួន០២ , ដង្កាប់ដងជ័រពណ៌លឿងចំនួន០១ ,សោ លេខ១៤ចំនួន០១ ,កញ្ចក់មើលក្រោយរបស់រថយន្តចំនួន០៤បន្ទះ , ម៉ូតូមួយគ្រឿងម៉ាក Yamaha Surus ពណ៌ក្រហម -ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ02 -1-0443 មានលេខ ម៉ាស៊ីន: 579368 និងលេខតួ: 579490 ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ុយ ហាវិច្ឆ័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖