ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនជែងរថយន្តក្នុងស្ថានភាពផ្លូវកោងជ្រុលបុកបង្គោលសុវត្ថិភាពបាក់កស្លាប់ ខណៈម៉ូតូផ្ទុះឆេះខ្ទេច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ បុរសម្នាក់ជិះម៉ូតូម៉ាក Kawasaki Ninja ជែងរថយន្តស្របទិសគ្នា ក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកបង្គោលសុវត្ថិភាព បណ្ដាលឲ្យ ស្លាប់ភ្លាមនៅកន្លែងកើតហេតុនឹងនៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ ក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ មានបុរសនោះជិះម៉ូតូ១គ្រឿង ម៉ាក Kawasaki Ninja ពាក់ស្លាកលេខ ភ្នំពេញ 1GQ-8784 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ គឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកមកដល់កន្លែងកើតហេតុខាងលើ ក្នុងស្ថានភាពផ្លូវកោង បើកម៉ូតូវ៉ារថយន្ត ដែលមានទិសដៅស្រប ក្នុងល្បឿនលឿន ក៏ទៅបុកបង្គោលសុវត្ថិភាពចំនួន២ដើម បណ្តាលឲ្យផ្លោងអ្នកបើកបរធ្លាក់ចិញ្ចើមផ្លូវចូលព្រៃគ្រួសក្រហមស្លាប់នៅនឹងកន្លែងកើតហេតុ រីឯម៉ូតូឆេះទាំងស្រុង ។

បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថស្នាក់ការសន្តិសុខ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ជួយសម្រួលចរាចរណ៍ និងការពារកន្លែងកើតហេតុ ហើយជួយលើកសាកសពរង់ចាំស្រាវជ្រាវរកក្រុមគ្រួសារមកធ្វើការប្រគល់-ទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖