ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវពស់ពភ្លាក់ចឹករហូតមានអាការៈចេញឈាមតាមរាង្គកាយ បន្ទាប់ពីព្យាបាលជាមួយគ្រូខ្មែរ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវពស់ពភ្លាក់ដំរីចឹកចំកែងជើងស្តាំ រហូតមានអាការៈចេញ ឈាមតាមរោម តាមធ្មេញ និងតាមមាត់ធ្ងន់ធ្ងរទៅៗ នៅចម្ការស្ថិតក្នុងភូមិជីឱក ឃុំរម្មណីយ៍ ស្រុករវាង ខេត្តព្រះវិហារ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ។

តាមប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អុក សំអន ភេទប្រុស អាយុ៥២ រស់នៅភូមិជីឱក ឃុំរម្មណីយ៍ ស្រុករវាង ខេត្តព្រះវិហារ ។

ប្រភពបានរាយការណ៍ឲ្យដឹងបន្តថា បុរសខាងលើបន្ទាប់ពីត្រូវពស់ពភ្លាក់ដំរីចឹកភ្លាម សាច់ ញាតិបាននាំមកព្យាបាលជាមួយគ្រូខ្មែរទាំងយប់ ។ អំឡុងព្យាបាលឃើញថា អាការៈមិន បានធូរស្រាលឡើយ ផ្ទុយទៅវិញអាការៈកាន់តែធ្ងន់ធ្ងរទៅៗ រហូតមានចេញឈាមតាមរោម តាមធ្មេញ តាមមាត់ហូរជោកខ្លួនមិនឈប់ ក្រុមគ្រួសារក៏សម្រេចចិត្តបញ្ជូនមកកាន់ មន្ទីរពេទ្យខេត្តកំពង់ធំ ។ ក្រោយការព្យាបាល និងជួយសង្គ្រោះដោយយកចិត្តដាក់ពី គ្រូពេទ្យឯកទេស ឃើញថា ពឹសពស់ត្រូវបានបន្សាប និងមានអាការៈធូរស្បើយប្រសើរ ជាងពេលមុន ។

លោកវេជ្ជបណ្ឌិត នួន វិជិត្រ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ និងជាប្រធានផ្នែកវះកាត់ នៃសាលសង្គ្រោះបន្ទាន់មានប្រសាសន៍ប្រាប់ថា «ចំពោះអាការៈអ្នកជំងឺពស់ចឹក ដែលមាន សភាពធ្ងន់ធ្ងរនេះ ដោយសារតែមូលហេតុថា នៅពេលដែលពស់ចឹកភ្លាមៗ សាច់ញាត់មិន បាននាំជនរងគ្រោះមកឲ្យជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗនោះទេ រវល់តែទៅរកគ្រូខ្មែរ ទម្រាំតែមកដល់ពេទ្យ អ្នកំងឺមានសភាពធ្ងន់ធ្ងរទៅហើយ » ។

គ្រានោះដែរ លោកវេជ្ជបណ្ឌិតក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋថា «នៅពេល ដែលបងប្អូនជួបប្រទះនូវសត្វមានពឹស ទិចឬក៏ខាំឬក៏វាចឹកក្តី សូមមេត្តាបញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត» ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតបាន ទាន់ពេលវេលា ពីព្រោះពេទ្យឥឡូវនេះវិទ្យាសាស្ត្រជឿនលឿនណាស់ និងមានសេរ៉ូម និង ថ្នាំសម្រាប់បន្សាបជាតិពិសបានយ៉ាងពូកែសក្កិសិទ្ធ ។ ដូច្នេះសូមកុំពន្យាពេលទៅរកគ្រូខ្មែរ ឲ្យសោះ អាចបណ្តាលឲ្យជនរងគ្រោះមានគ្រោះថ្នាក់ដលជីវិតបាន៕ វណ្ណៈ


ចែករំលែក៖