ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនបុករថយន្តចតនៅលើផ្លូវចំពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៩និង១០យប់ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តាលផ្លូវ ទំនប់កប់ស្រូវ ស្ថិតនៅភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កជារថយន្តកុងតឺន័រ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ3D 6375 ។ ចំណែកឯម៉ូតូរងគ្រោះម៉ាកឌ្រីមសង់ស៊េរី២០០៧ ពាក់ស្លាកលេខ តាកែវ 1B-6093 បើកបរក្នងទិសដៅពីជើងទៅត្បូង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូងមកឈប់អែបចិញ្ចើមផ្លូវ។ ភ្លាមៗនោះអ្នកបើកបរម៉ូតូលឿនថែមទាំងស្រវឹងផង ក៏បុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូជាប់នឹងកាងរថយន្តពីក្រោយ។ ចំណែកឯជនរងគ្រោះបោកនឹងរថយន្តបែកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់ឯកជនសុធារិទ្ធបែកចានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ភាគីតំណាងខាងរថយន្តបង្កខាងលើបានចេញមុខដោះស្រាយជាមួយភាគីខាងម៉ូតូរងគ្រោះ នៅចំណុចកើតហេតុសម្រួលចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងនូវកន្លែងកើតហេតុ ៕ សុខាសែនជ័យ