ព័ត៌មានទាន់ហេតុការណ៍៖

នារីបម្រើការនៅក្នុងហាងខារ៉ាអូខេវ័យ១៦ឆ្នាំម្នាក់ស្លាប់​ សមត្ថកិច្ចសង្ស័យករណីឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ នារីបម្រើការក្នុងខារ៉ាអូខេវ័យ១៦ឆ្នាំម្នាក់ បានស្រែកឲ្យគេជួយទាំងឃើញមានស្នាមចាក់នៅត្រង់ពោះ និងដៃហើយបានស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ សង្ស័យជាករណីឃាតកម្ម។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួលលេខ១០២ ជាន់ទី១ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សេក ស៊ីយ៉ា ភេទស្រី ជាអ្នកបម្រើការនៅក្នុងខារ៉ាអូខេ ដឹឃ្វីន ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកំពត។

តាមប្រភពព័ត៌មានពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលស្នាក់នៅខាងមុខបន្ទប់ជួល កើតហេតុខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបន្ទប់កើតហេតុបានបិទទ្វារបើកភ្លើង ដោយមានសភាពស្ងប់ស្ងាត់ដូចសព្វដង។ លុះដល់វេលាកើតហេតុ ស្រាប់តែគាត់បានឮសម្លេងគោះទ្វារបន្ទប់ជួលរបស់គ្នា ស្រែកឲ្យជួល ហើយគាត់ ក៏បានបើកទ្វារបន្ទាប់ ហើយក៏ឃើញនារីរងគ្រោះដេកសន្លប់នៅខាងមុខបន្ទប់គាត់ទាំងមានស្នាមរយះនៅត្រង់ពោះ និងដៃខាងស្តាំ បន្ទាប់មក គាត់ក៏ឮសម្លេងមានមនុស្សរត់ចុះទៅក្រោយក្រោម ហើយគាត់ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ក្រោយមកប្រជាពលរដ្ឋបាននាំគ្នាជួយដឹកនារីរងគ្រោះតាមរ៉ឺម៉កកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) តែជាអាកុសល ខណៈទៅដល់មន្ទីរពេទ្យនារីរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះធ្វើកំណត់ហេតុ តាមជំហ៊ានដំបូង សមត្ថកិច្ចបានសណ្ឋានថា ជាករណីឃាតកម្ម ។ ដោយឡែកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត។

បច្ចុប្បន្នជសង្ស័យកំពុងត្រូវសមត្ថកិច្ចស្រាវជ្រាវវែកមុខហើយ៕ តុង សីហា


ចែករំលែក៖