ភ្នំពេញ៖ បន្ទាប់ពីជាតារាសម្តែងស្រីក្រម៉ិចក្រម៉ឺមម៉ៅ គឹមធីតាក៏ជាតារាស្រី ដែលពូកែកំប្លុកកំប្លែងធ្វើឲ្យមិត្តរួមអាជីព និងអ្នកគាំទ្រសើចក្អាកក្អាយដែរ ។ នាងនឹងសម្តែងជាតួអង្គត្រូវនឹងអត្តចរិកខាងក្រៅជាមួយនឹងនាយគ្រឿនក្នុងរឿងថ្មី«ផ្ទះចុងភូមិ» ដែលបានក្រុងពាលីចេញថតកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ។
ចាប់ផ្តើមពីប្រឡូកក្នុងអាជីពសិល្បៈត្រឹមរយៈពេលខ្លីតារាសម្តែងស្រីសម្តីផ្អែមកញ្ញាម៉ៅ គឹមទីតា ស្រាប់តែចាប់បានតំណែងជាតួឯកស្រីលើកដំបូងក្នុងភាពយន្តបែងកំប្លែងភ័យរន្ធត់ថ្មីរបស់ផលិតកម្មមហាហង្សគឺរឿង”ផ្ទះចុងភូមិ” ។ ភាពយន្តក្នុងតំណែងតួឯកលើកដំបូងនេះដែរ នាងនឹងត្រូវជួបជាមួយតារាកំប្លែងនាយគ្រឿនជាមួយនឹងឈុតឆាកផ្ទុះសំណើចជាច្រើន ។
ម៉ៅ គឹមធីតាបានបញ្ជាក់ថា ជាលើកដំបូង ដែលនាងសម្តែងក្នុងភាពយន្តបែបភ័យរន្ធត់ប៉ុន្តែនាងមានជំនឿចិត្តនឹងសាច់រឿង ដែលតម្រូវឲ្យដើរតួជានារីមានអត្តិចរិកលេងសើចឡិឡក់ច្រើនដូចគ្នាទៅនឹងចរិកនៅក្រៅសាច់រឿង ។ តារាស្រីរូបនេះលើកឡើងដែរថា នាងខ្លាចខ្មោចដែរ ប៉ុន្តែការចេញថតមិនមានអីត្រូវខ្លាចទេព្រោះមានក្រុមការងារច្រើនចូលរួម ។ នាងបញ្ជាក់ដែរថាការជួបនាយគ្រឿនសម្តែងរួមគ្នានេះគឺជាលើកទី២ប៉ុន្តែការជួបជុំផ្សេងៗគឺមានជាហូរហែរ ។
តារាស្រីថ្ពាល់ខួចញញឹមស្រស់រូបនេះ បានដាក់ក្តីរំពឹងខ្ពស់ចំពោះការចេញថតភាពយន្តខ្នាតធំបែបកំប្លែង និងភ័យរន្ធត់នេះថា នឹងទទួលបានការគាំទ្រច្រើនព្រោះតែសាច់រឿង និងតារាសម្តែង ដែលមានសមត្ថភាពខ្ពស់ និងផលិតករ ដែលទើបនឹងទទួលបានពានដឹកនាំឆ្នើមប្រចាំឆ្នាំ២០១៧ ។
អគ្គនាយកផលិតកម្មមហាហង្សលោកអ៊ិនសុភិនវិញបានលើកឡើងថាភាពយន្តនេះនឹងចាយដើមទុនផលិតចម្លោះពី៤ទៅ៥ម៉ឺនដុល្លារអាមេរិក និងជាភាពយន្តសម្រាប់ចាក់បញ្ចាំងនៅរោងភាពយន្តក្នុងស្រុកនៅដើមឆ្នាំ២០១៨ ។ លោកថា ជាភាពយន្ត ដែលសម្រិតសម្រាំងបន្ថែមដើម្បីបង្កើនគុណភាពក្នុងការប្រកួតប្រជែងលើទីផ្សារភាពយន្ត និងសាច់រឿងតម្រូវសម្រាប់ទស្សនិកជនបច្ចុប្បន្ន ។
លោកបញ្ជាក់ដែរថា ក្រៅពីសាច់រឿង និងជ្រើសរើសតារាសម្តែងល្បីឈ្មោះផលិតកម្មក៏នឹងបង្កើនក្រុមការងារបច្ចេកទេស ដែលជំនាញៗដើម្បីឲ្យគុណភាពភាពយន្តនេះកាន់តែប្រសើរជាងមុន និងធានថាមិនធ្វើឲ្យទស្សនិកជនខកបំណងពេលចូលទស្សនា ។
លោកបញ្ជាក់ដែរថា ក្រៅពីម៉ៅ គឹមធីតា និងនាយគ្រឿនភាពយន្តនេះមានតារាសម្តែងស័ក្តិសម និងដៃគូសមឥតខ្ចោះក្នុងការសម្តែងជាមួយនាយគ្រឿនម្នាក់ទៀតគឺលោកជាសុវណ្ណនរាហ៍ និងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបផងដែរ៕ វឌ្ឍនា