ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មាន​មន្ត្រីជាន់ខ្ពស់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​នេសាទ​យ៉ាង​រាលដាល​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្តកំពង់ធំ

ចែករំលែក៖

​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់​លំដាប់ថ្នាក់ នៅក្នុង​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ កំពុងតែ​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​សុខ​ស្រួល​។ បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ធំ ត្រូវបាន​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ ​ក្រសួងកសិកម្ម និងអគ្គនាយក​រដ្ឋ​បាលជ​ល​ផល បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បទល្មើស​កើតឡើង​កាន់តែខ្លាំង​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​នេសាទ​ក្នុងស្រុក​ស្ទោង ក៏ដូចជា​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង ស្រុក​ស្ទោង អាច​ប្រមូល​លុយ​បាន​រាប់ម៉ឺន​រាប់សែន​ដុល្លារ​ពីបទ​ល្មើស​នេសាទ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ក្នុងនោះ​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ត្រូវគេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ អភិបាលខេត្ត​កំពង់ធំ ក៏ត្រូវ​មជ្ឈដ្ឋាន​នានា​សង្ស័យ​រឿង​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​នេសាទ​ផងដែរ ទើប​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០១​របស់​រដ្ឋាភិបាល​។

​ឥឡូវនេះ​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា​សូម្បីតែ​តំបន់​អភិរក្ស​ពូជ​ត្រី តំបន់​ទុក​ឲ្យ​ត្រី​ពង​កូន ក៏​មន្ត្រីរដ្ឋបាល​ជលផល​បើក​ដៃ​ឲ្យ​ក្រុម​ជនល្មើស​ចូលទៅ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដែរ​។ ក្នុងនោះ​លោក កែន គា នាយ​អធិការ​ខាងជើង​បឹង​ទន្លេសាប​កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

ជាងនេះទៅទៀតលោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទដូចជាឈ្មោះ យ៉ាន់ វិសាក់ ហៅសែ និងឈ្មោះ ហួន ផល ជាដើមត្រូវបានប្រជានេសាទក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោងរិះគន់ថា ជាមេខ្លោងនៅពីក្រោយបទល្មើសប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិឲ្យវិនាស ៕

លោកកែន គា


ចែករំលែក៖