ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវគេចាក់២កាំបិតចិតបន្លែបណ្ដាលឲ្យស្លាប់ ជនសង្ស័យស្គាល់ឈ្មោះរត់បាត់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់ជាងសំណង់ម្នាក់ ត្រូវបានគេលួចចាក់ពីរកាំបិតចិតបន្លែ ចំក្រោមដោះស្លាប់នៅនឹងកន្លែង ពេលដែលបុរសរូបនោះកំពុងតែអង្គុយហូបបាយម្នាក់ឯងនៅក្នុងវត្តព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនបាត់ឈឹង។

ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង២១និង៤៥នាទី ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចវត្តព្រៃសន្ទះ ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមសំដីមន្ត្រីជំនាញនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងករណីឃាតកម្មនេះ មានឈ្មោះ រដ្ឋ បញ្ញា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិបឹងត្រគួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង(ស្លាប់) ចំណែកជនសង្ស័យឈ្មោះ ថុង សុខុម ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ករណីធ្វើឃាតកម្មនេះ សមត្ថកិច្ចមិនទាន់បានសន្ថិដ្ឋានថាមកពីមូលហេតុអ្វីទេ សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវ ខណៈជនសង្ស័យរត់គេចខ្លួនបាត់៕ ស សារ៉េត

ជនសង្ស័យ


ចែករំលែក៖