ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFordដឹកភ្ញៀវបន្លំដឹកឈេីកែច្នៃ​​​​ជ្រុលចង្កូតបុកឡាន​​នគរបាល នៅស្រុកឆ្លូង

ចែករំលែក៖

ខេត្តក្រចេះ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបណ្តាលអោយមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៧៣ បង្កឡើងដោយរថយន្ដម៉ាកFord ដឹកអ្នកដំណេីរ បង្កប់ដោយឈើបេីកបុករថយន្ដនគរបាលស្រុកឆ្លូងពីក្រោយពេញទំហឹងបណ្តាលអោយខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង៤ល្ងាច ថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្ពានព្រែកឬស ឃុំ​ហាន់ជ័យស្រុកឆ្លូង ខេត្តក្រចេះ ។

ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា រថយន្ដ ម៉ាកFord មួយគ្រឿង​ខាងលើបានបុករថយន្ដ នគរបាលពីក្រោយដោយរុញតាំងពីគល់ស្ពាន ទៅជិតផុតចុងស្ពានបណ្ដាលឲ្យ​រថយន្ដនគរបាល នោះរងការខូចខាត់យ៉ាងដំណំ ហេីយអ្នកបេីកបរ​ រថយន្ដម៉ាកFordនេះបានបេីកទ្វាររថយន្ត​រត់គេចខ្លួនបាត់តែម្ដង ដោយមិនស្គាល់អត្តសញ្ញាណនោះឡើយ ។ក្រោយពីបុករួចសមត្ថកិច្ចពិនិត្យមើលក្នុងរថយន្ដឃេីញសុទ្ធតែឈេីកែច្នៃជាទ្វារបង្អួចជិតពេញរថយន្ដ។

សមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ឲ្យដឹងថា រថយន្ដFordដែលបង្កហេតុនេះគឺពាក់ស្លាកលេខ ភ្នំពេញ2Q -​0099 បន្ទាប់ពីបេីកបុករថយន្ដមន្ត្រីនគរបាលពីក្រោយហើយត្រូវម្ចាស់រត់គេចខ្លួន ភ្លាមនោះ គឺត្រូវបានកម្លាំង​នគរបាលចរាចរណ៍ ស្រុកយកទៅរក្សាទុកនៅអធិការនគរបាលស្រុកឆ្លូង ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការ​ដោះស្រាយ​តាមច្បាប់។

ប្រភពពីសមត្ថកិច្ចនគរបាលបានបញ្ជាក់អោយដឹងបន្តថា រថយន្ដម៉ាកFord នេះ ធ្លាប់សមត្ថកិច្ចចម្រុះខេត្តក្រចេះបង្រ្កាប ចាប់ឃាត់ម្ដងរួចមកហេីយកន្លងមក ប៉ុន្តែក្រោយមក បន្តិចគេឃើញម្ចាស់រថយន្តខាងលើចូលខ្លួនមកបង់ពិនយ័តាមច្បាប់ ប៉ុន្តែមិនបានប៉ុន្មានផង ក៏ស្រាប់តែបេីកទៅបុករថយន្ដមន្ត្រីនគរបាលស្រុកឆ្លូងម្តងទៀតពីក្រោយ ហើយត្រូវបានសមត្ថកិច្ច​ចាប់បង្ក្រាបបានម្តងទៀតយកទៅរក្សាទុកដើម្បីកសាងសំណុំឯកសារចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែក៖