ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តក្នុងបុរីញូថោនបានសម្រេច ព្យាយាមជិះរត់គេខ្លួនត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាចោរលួចរថយន្ត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកក្នុងបូរីញូថោន ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បានសម្រេចហើយ យកមករថយន្តទៅផ្ញើរនៅលើដំបូលផ្សារអូរឫស្សី កាលពីម៉ោង១១និង៤៩នាទីយប់ថ្ងៃសៅរ៍១៣ រោច ខែមិគសិរ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចកន្លែងផ្ញើរថយន្តលើដំបូលផ្សារអូរឫស្សី សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនរងគ្រោះ ជាម្ចាស់រថយន្ត ឈ្មោះ ចាន់ លីដេត អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះ២២១ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិករោងចក្រ។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយករថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ ២G-៨៤៧៣ កាលពីម៉ោង៣ទៀបភ្លឺថ្ងៃសៅរ៍១៣រោច ខែមិគសិរ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃ១៦ ខែធ្នូ ឈ្នាំ២០១៧ នៅចំណុចខាងមុខផ្ទះមិនចាំលេខក្នុងបូរីញូថោន ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យនគរបាល ដើម្បី​កសាងសុំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖