ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច ត្រង់នៅចំណុចមុខហាងលក់សំលៀកបំពាក់យីហោអ៊ីម៉ូ ផ្លូវលេខ១៨២ ក្រុម៤៦ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ករណីឃាត់ខ្លួនក្រុមចោរឆក់ទូរស័ព្ទខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៥០នាទីថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខមន្ទីរពេទ្យខេម៉ា ផ្លូវលេខ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យ ទី១-ឈ្មោះ ស៊ន ពន្លឺ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និង ស្នាក់នៅភូមិស្នោ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ទី២-ឈ្មោះ ឌី រ៉ូហ្សា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និងស្នាក់នៅផ្ទះលេខ១១៩ ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួននៅការិយាល័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ ស តារា