ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកកោះធំចាប់ខ្លួនក្នុងករណីពាក់ព័ន្ធថ្នាំញៀន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត ។ ប្រតិបត្តិការបង្ក្រាបចាប់ខ្លួនខាងលើនេះធ្វើឡើង កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ខា ប៊ុណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកោះធំ ខេត្តកណ្ដាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៩២ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ចុះហត្ថលេខាដោយលោក សាយ សម្ផស្សសេរី ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែធ្ន ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា ក្រោយពីជនសង្ស័យបានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនរួចមក ជនសង្ស័យបានរត់គេចខ្លួនពីលំនៅដ្ឋានអស់រយៈពេលជាច្រើនឆ្នាំ ដោយពុំដឹងថាទៅរស់នៅក្នុងខេត្តណានោះទេ ទើបចៅក្រមសម្រេចចេញដីកាដើម្បីឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាជ្រាវចាប់ខ្លួនដើម្បីដាក់ពន្ធនាគារជាបណ្ដោះអាសន្នរងចាំការកាត់ទោស ។ លុះមកដល់វេលាម៉ោង១១និង១០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យបានត្រឡប់មករស់នៅក្នុងមូលដ្ឋាន ភ្លាមនោះក៏ធ្វើការចាប់ខ្លួនជនសង្ស័យដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត យកមកអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្ត ៕ ស្អាងជ័យ