មន្ត្រីគ្រប់គ្រងគ្រោះអាសន្នហ្វុីលីពីន បានប្រកាសឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានមនុស្ស ១៦នាក់ស្លាប់ ដោយសារ តែបាក់ដី ក្រោយពេល រងការវាយប្រហារដោយព្យុះនិងភ្លៀងយ៉ាងខ្លាំង ។ ក្រុមជួយ សង្គ្រោះកំពុងតែ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះជាប់គាំង ក្នុងហេតុការណ៍បាក់ដី បង្កឡើងដោយខ្យល់ព្យុះត្រូពិក កៃតាក់ ដែលកំពុងបោកបក់លើភាគកណ្តាលនិងភាគខាងកើតនៃហ្វុីលីពីន តាំងពីថ្ងៃ សៅរ៍មក។ មនុស្ស២៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។ កាលពីថ្ងៃសៅរ៍ជាកិច្ច ការពារ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ ប្រមាណ៨៨.០០០នាក់។
ព្យុះសង្ឃរា កៃតាក់ អស់អំណាចក៏បានក្លាយជាព្យុះភ្លៀងត្រូពិកវិញ នៅថ្ងៃអាទិត្យ ដែលបានបោកបក់លើដែនដីគោកហ្វុីលី ពីន។ ប៉ុន្តែយោងទៅលើកម្លាំងខ្យល់ និង ទឹកភ្លៀងដ៏ជោកជាំខ្លាំង រយៈពេលបីថ្ងៃ បីយប់ បានបង្កឱ្យផ្ទាំងថ្មធំៗប៉ុនឡានក៏រលំទាំងផ្ទាំងៗ បុកបំបែកផ្ទះថ្ម …។ នេះជាការរៀបរាប់របស់អាជ្ញាធរហ្វុីលីពីនដែលបានព្រមានបន្ថែមអំពីគ្រោះហូរបាក់ដី និងទឹក ជំនន់នៅថ្ងៃបន្តបន្ទាប់។
ព្យុះកៃតាក់លែងសូវកំណាចមែន ប៉ុន្តែ រសាត់ចេញយឺតៗ ជាហេតុធ្វើឲ្យសង្កាត់ខ្លះ នៃកោះ Samar ត្រូវប្រឈមនឹងគ្រោះទឹក ជំនន់យ៉ាងគំហុក សង្កាត់ខ្លះទៀតនៃកោះ Leyte ត្រូវលិចលង់អស់ចំនួនជាង៨០%។បើតាមភ្នាក់ងារគ្រប់គ្រងគ្រោះធម្មជាតិ ការខូចខាតជាសម្ភារមានទំហំ ចរន្តអគ្គិ សនីត្រូវកាត់ផ្តាច់ក្នុងមូលដ្ឋានចំនួន៣៩នៃកោះ ស្ពាន ផ្លូវថ្នល់ ជាច្រើនត្រូវខូចខាត។ អ្នកដំណើរជាង១៥០០០នាក់ ដែលភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត ចង់ទៅជួបជុំគ្រួសារដើម្បីប្រារព្ធពិធីបុណ្យណូអែល និងចូលឆ្នាំសកល កំពុងជាប់កុន នៅកណ្តាល ទីអស់ជាច្រើនថ្ងៃមកហើយ ព្រោះចរា ចរណ៍ផ្លូវទឹកឆ្លងស្រឡាង ត្រូវបានផ្អាក និងកាត់ផ្តាច់។
កាន់តែធ្ងន់ធ្ងរជាងនេះទៀត ចំនួនអ្នក រងគ្រោះដល់ស្លាប់ ដោយកម្លាំងទឹកភ្លៀងហូរច្រោះបាក់ដី បានកើនឡើងឥតឈប់។ អភិបាលខេត្តបានជូនដំណឹង តាមកញ្ចក់ ទូរទស្សន៍ថាគិតមកត្រឹមល្ងាចថ្ងៃអាទិត្យនេះ ចំនួនមនុស្សស្លាប់បានឡើងដល់ ២៦ នាក់ និងបាត់ខ្លួន២៣នាក់។
កោះសាម៉ា( Samar) និងកោះលៃតេ (Leyte) របស់ហ្វុីលីពីននេះ ធ្លាប់ជួប គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរខ្លាំងកាលពី ឆ្នាំ២០១៣ ដោយព្យុះកំណាច ហៃយ៉ាន ដែលបានសម្លាប់ជីវិតមនុស្សអស់ជាង ៧.៣៥០នាក់។ ប្រជាជនមួយភាគធំមិនទាន់ស្តារជីវភាពបានរួចផង ក្នុងមួយឆ្នាំៗ ហ្វុីលីពីនត្រូវព្យុះសង្ឃរាទីហ្វុងប្រមាណជាង២០៕ ម៉ែវ សាធី