ខេត្តតាកែវ ៖ នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០២ និង០០នាទី រំលងអធ្រាត បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីឃាតុកម្ម នៅចំណុចភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក ចុះអន្តរាគមន៍រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង០៦ និង០០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែល ។
ជនសង្ស័យខាងលើមានឈ្មោះ សែម វីរះ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្រុកកំណើត នៅភូមិ មេសាង ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិ ឃុំកើតហេតុ(ត្រូវជាប្តី ជនរងគ្រោះ) បានធ្វើសកម្មភាពដោយវាយនិងច្របាច់ក សម្លាប់ប្រពន្ធខ្លួនឯងឈ្មោះ អេង ស្រយ ភេទស្រី អាយុ៣០ឆ្នាំ ព្រមទាំងមានកូនក្នុងផ្ទៃពោះ៩ខែ បណ្តាលស្លាប់ជាមួយម្តាយផងដែរ ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់បានឱ្យដឹងថា មូលហេតុ ដែលឈានដល់ការសម្លាប់ប្រពន្ធខ្លួន គឺមកពីជនសង្ស័យធ្លាប់ជាមនុស្សប្រើប្រាស់គ្រឿងញៀនកាលទៅធ្វើជាពលករនៅប្រទេសថៃ បណ្តាលឱ្យមានសតិមិនប្រក្រតី (សរសៃប្រសាទ)។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕