ព័ត៌មានទាន់ហេតុការណ៍៖

ឈើធ្នង់ដែលឈ្មួញលាក់ទុកក្រោយផ្ទះប្រជាពលរដ្ឋត្រូវបានបង្ក្រាប

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឈើប្រណីតប្រភេទធ្នង់ ប្រមាណជាង១០០ដុំ ដែលឈ្មួញ យកមកលាក់ទុកខាងក្រោយផ្ទះប្រជាពលរដ្ឋ ត្រៀមបម្រុងដឹកចេញទៅលក់នៅប្រទេសវៀតណាម ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ចុះរឹបអូសកាលពីព្រឹក ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងក្រាញ់ (ក្រាំងចេក) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីមន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ឈើធ្នង់ប្រមាណជាង៥តោននេះ ត្រូវបានរកឃើញលាក់ទុកខាងក្រោយផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះយឿន សុខុម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ នៅពេលសមត្ថកិច្ច រុករកឃើញគំនរឈើចំនួន២កន្លែង នៅខាងក្រោយផ្ទះនេះហើយ ម្ចាស់ផ្ទះខាងលើ មិនបានរារាំងសមត្ថកិច្ចទេ ដោយបានឆ្លើយបដិសេធថា ឈើទាំងអស់មិនមែន ជាកម្មសិទ្ឋិខ្លួនឡើយ ហើយមិនស្គាល់ម្ចាស់ឈើជានរណាទេ។

លោកយឿន សុខុម បានឆ្លើយបំភ្លឺសមត្ថកិច្ចថា នៅពេលគាត់ និងក្រុមគ្រួសារ រវល់ទៅច្រូតស្រូវឆ្ងាយពីផ្ទះ ឈ្មួញបានឱកាស ក៏ដឹកឈើទាំងនេះ មកគរទុកនៅខាងក្រោយផ្ទះរបស់គាត់។

លោក ហ៑ន ធា នាយសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹងបានប្រាប់ថា ការចុះបង្ក្រាបនេះដឹកនាំដោយផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ដោយមានការចូលរួមសហការពីមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងកងរាជអាវុធហត្ថស្នាក់ការគិរីរម្យ។

លោកនាយសង្កាត់បន្តថាមុនឈានដល់ការចុះបង្ក្រាបនេះក្រោយពីសមត្ថកិច្ចទទួលសេចក្តីរាយការណ៍មកថាមានឈ្មួញ កំពុងដឹកឈើចេញពីព្រៃក្រោយភ្នំគិរីរម្យ ឆ្លងកាត់ស្នាក់ការវ៉ាយអេត យកមកលាក់ទុកនៅចំណុចខាងលើ។

ឈើទាំងអស់ត្រូវបានសមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋដើម្បីកសាងសុំនុំរឿងបញ្ជូនទៅថ្នាក់លើដកហូតជាសម្បត្តិរដ្ឋ។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើមួយរូបបង្ហើបថា សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ចុះមកបង្ក្រាបឈើដែលឈ្មួញ បម្រុងដឹកចេញទៅលក់នៅប្រទេសវៀតណាមគឺបានសុំការសហការ ពីប្រធានប៉ុស្តិនគរបាលរដ្ឋបាលចំបក់ដែរ តែត្រូវលោកនាយប៉ុស្តិនេះ បដិសេធ ហើយប្រាប់ថាទាល់តែមានបញ្ជាពីលោកអធិការស្រុកទើបខាងលោកហ៑ានចូលរួម។ ដោយមើលឃើញថាខាងមន្ត្រីនគរបាលប៉ុស្តិហាក់បីដូចជាមិនចង់សហការ ទើបសមត្ថកិច្ចរដ្ឋបាលព្រៃឈើ អញ្ចើញខាងកងរាជអាវុធហត្ថអោយមកសហការចូលរួមតែម្តង។

គួរបញ្ជាក់ថានេះមិនមែនជាលើកទី១នោះទេដែលសមត្ថកិច្ចមេព្រៃចុះមកបង្ក្រាបឈើនៅក្បែរស្នាក់ការអង្គការវ៉ាយអេត និងនគរបាលប៉ុស្តិចំបក់នេះ ហើយតែងតែអញ្ជើញអោយមន្ត្រីនគរបាលប៉ុស្តិចំបក់ មកចូលរួមតែមិនដែលមានវត្តមានម្តងណាឡើយ ។

មជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានសំណូមពរទៅលោកស្នងការ និងប្រធានធំនៃអង្គការវ៉ាយអេត សូមមេត្តាពិនិត្យតាមដានអំពីភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួនក្នុងការបំពេញភារកិច្ចបំរើផលប្រយោជន៍ សង្គមផង។

ប្រជាពលរដ្ឋ បានខ្សឹបប្រាប់ថា លោកមេប៉ុស្តិចំបក់ម្នាក់នេះ តាំងពីបានឡើងកាន់កាប់តំណែងនេះ មិនដែលចេញមុខបង្ក្រាបឈើល្មើសច្បាប់ទាល់តែសោះ សូម្បីគោយន្តដឹកឈើ បើកកាត់ពីមុខប៉ុស្តិក៏ដោយ ហើយគេតែងឃើញប៉ូលិសប៉ុស្តិ ចុះយកលុយតាមរទេះ និងគោយន្តដឹកឈើទៅវិញ។ ហេតុនេះ ទើបគេឃើញបទល្មើសព្រៃឈើ កើតឡើងគគ្រឹកគគ្រេងក្នុងមូលដ្ឋាននេះ ហើយតែងតែឃើញរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបជាញឹកញាប់ បែរជាលោកមេប៉ុស្តិ៍ មិនអនុញ្ញាតឲ្យកូនចៅ ចូលរួមសហការ៕ សេនាស័ក្តិ


ចែករំលែក៖