ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ២ខ្នង ដែលនៅក្បែរមណ្ឌលសុខភាពកំបូល ត្រូវបានអគ្គិភ័យឆាប់ឆេះ យ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ភ្លាមៗផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវបានអគ្គិភ័យឆេះ នោះទី ១ឈ្មោះ ផន មឿន ភេទស្រី អាយុ៦១ឆ្នាំ មុខរបរលក់បង្អែម ទី២ឈ្មោះ តុប ចាន់នី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ចាបហួយ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីផ្ទះ ដែលមានម្ចាស់ឈ្មោះតុប ចាន់នី ខណះមិននៅផ្ទះហើយ ក៏ឆាបឆេះយ៉ាងសន្ធោរសន្ធៅបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរនាំគ្នាយកទុយយោទឹកមកបាញ់ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ដោយសារតែខ្យល់ធ្លាក់ខ្លាំងពេក ភ្លើងក៏បានឆាបឆេះ និងរាលដាលដល់ផ្ទះមួយខ្នងទៀតដែលនៅក្បែរ។

សមត្ថកិច្ចបានបន្តថា សម្រាប់ប្រតិបត្តិការបាញ់ពន្លត់គ្រោះអគ្គិភ័យខាងលើនេះ​ មានរថយន្តពន្លត់អគ្គិភ័របស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង កងពលតូចលេខ៩១១ចំនួន២គ្រឿង កងពលតូចលេខ៧០ចំនួន៤គ្រឿង មកពីតម្រួតបទបញ្ញាចំនួន២គ្រឿង និងរថយន្តរបស់ស្រាបៀកម្ពុជាចំនួន១គ្រឿងផងដែរ រហូតមកដល់វេលាម៉ោង១១និង២០នាទីព្រឹក ទើបអាចគ្រប់គ្រងស្ថានការបាន ។ ចំណែកផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆេះអស់ស្ទើរទាំងស្រុង តែមិនមានមនុស្សរងរបួសនោះទេ។

ផ្ទះដែលត្រវបានអគ្គិភ័យឆាបឆេះនោះ មានបណ្តោយ៧ម៉ែត្រ និងទទឹង៦ម៉ែត្រ។

ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា មកពីមូលហេតុអ្វីនោះទេ តែជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា មកពីទុស្សេខ្សែភ្លើង៕ សុខាសែនជ័យ


ចែករំលែក៖