ខេត្តកំពង់ចាម៖ មានការការភ្ញាក់ផ្អើលទាំងថ្ងៃ បន្ទាប់ពីមានបុរសម្នាក់ទៅលោតទឹកពីលើស្ពានគីហ្សូណា ប៉ុនប៉ងសម្លាប់ខ្លួនតែមិនបានសម្រេចដោយសារគាត់ចេះហែលទឹក បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធមិនឈ្នះ កាលពីវេលាម៉ោង១ និង៥០នាទីរសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលវង់បានឲ្យដឹងថា បុរសខាងលើឈ្មោះ ឃុន លីឡាយ អាយុ២២ឆ្នាំ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ បុរសខាងលើបានឈ្លោះប្រកែកគ្នាជាមួយនឹងប្រពន្ធរបស់ខ្លួនហើយដោយឈ្លោះមិនឈ្នះក៏ បានជិះម៉ូតូជាមួយនឹងមិត្តភក្តិគាត់ម្នាក់ទៀតចេញពីផ្ទះ។ លុះមកដល់ចំណុចលើស្ពានគីហ្សូណា ក៏បានចុះពីលើម៉ូតូរត់ទៅលោតទឹកក្នុងគោលបំណង បញ្ចប់ជីវិត ធ្វើឲ្យមិត្តមិត្តភក្ដិទៅជាមួយដែលមិនដឹងខ្លួននោះស្រឡាំងកាំង និងស្រែកឲ្យគេឯងជួយ ផ្អើលទាំងថ្ងៃតែម្តង។
យ៉ាងណាការប៉ុនប៉ងធ្វើអត្តឃាតរបស់បុរសនេះមិនបានស្លាប់បាត់បង់ជីវិតទេ ដោយសាររូបគាត់ចេះហែលទឹក និងត្រូវបានបងប្អូនខ្មែរអ៊ិស្លាម ចេញទូកទៅជួយសង្គ្រោះទាន់ពេលវេលា។
ក្រោយពីកើតហេតុ សមត្ថកិច្ចបាននាំបុរសនោះទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ និងបានអប់រំ រួចឲ្យមិត្តភក្តិដឹកតាមម៉ូតូត្រឡប់ទៅផ្ទះរស់នៅជាមួយប្រពន្ធវិញ ខណៈដែលប្រពន្ធ និងក្រុមគ្រួសារហួសចិត្តពេកក្រៃ ៕ សហការី