ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាក់ដៃចង្កួតដួលស្លាប់សិស្សស្រីម្នាក់ ឯអ្នកបង្កហេតុរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សិស្សសាលាវិទ្យាល័យ មិត្តភាពម្នាក់ខណៈជិះម៉ូតូទៅសាលាបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ គ.ស ២០១៧ វេលាម៉ោង ០៦:៤៥នាទីព្រឹក នៅលើដងផ្លូវវត្តលើ ត្រង់ចំណុច មុខដេប៉ូលក់គ្រឿងសំណង់ ស្ថិតនៅក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យស់ ស្រីណុច ភេទស្រី អាយុ ១៦ឆ្នាំ ជាសិស្ស ថ្នាក់ទី១០ រៀននៅនៅអនុ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ចំណែកឯជនបង្កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ(រត់គេចខ្លួនបាត់)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក KAWASAKI ពណ៌ទឹកក្រូច គ្មានស្លាកលេខ គ្មានពាក់មួកសុវត្ថិភាព ធ្វើដំណើរតាមបណ្ដោយផ្លូវកន្លែងកើតហេតុខាងលើក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញម៉ូតូមួយគ្រឿងទៀតម៉ាកSmash V ពណ៌ខ្មៅ គ្មានស្លាកលេខដូចគ្នាបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត(បញ្ច្រាសទិសគ្នា)មកប៉ះដៃចង្កូតជាមួយម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។បន្ទាប់មកជនបង្កឃើញហេតុការណ៍ដូច្នោះក៏បានរត់គេចខ្លួនបន្សល់ទុកតែម៉ូតូនៅនឹងកន្លែង។

ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន។ចំណែកឯម៉ូតូជនរងគ្រោះនិងម៉ូតូជនបង្កហេតុយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងព្រះសីហនុរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ឆ្លាមសមុទ្រ


ចែករំលែក៖