លោក ប៉ាស្កាល់ ឡាម៉ី (Pascal Lamy) អតីតអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ហើយបច្ចុប្បន្នជាប្រតិភូអន្តរក្រសួងទទួលបន្ទុកពិព័រណ៍ពិភពលោកឆ្នាំ២០២៥ បានអញ្ជើញមកប្រទេសកម្ពុជាកាលពីថ្ងៃទី២០ ខែធ្នូ ដើម្បីផ្សព្វផ្សាយអំពីបេក្ខភាពរបស់ប្រទេសបារាំង ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានធ្វើបទបង្ហាញពីបេក្ខភាពរបស់បារាំងជូនដល់តំណាងអាជ្ញាធរកម្ពុជា សហគមន៍ធុរកិច្ចកម្ពុជានិងបារាំង រួមទាំងអ្នកសារព័ត៌មានផងដែរ។
នៅក្នុងបេក្ខភាពរបស់ខ្លួន ប្រទេសបារាំងបានជ្រើសយកប្រធានបទ «ចំណេះដឹងដែលត្រូវចែករម្លែក ភពផែនដីដែលត្រូវការពារ » ដោយផ្តោតជាសំខាន់ទៅលើអនាគត និងយុវជន។ បារាំងគ្រោងរៀបចំពិព័រណ៍នេះនៅ តំបន់សាក្លេយ (Saclay) នាភាគនិរតីនៃទីក្រុងប៉ារីស ដែលជាប៉ូលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដ៏ធំមួយរបស់ពិភពលោក។ ភូមិសាកលមួយនឹងត្រូវបង្កើតឡើងសម្រាប់ការប្រារព្ធពិព័រណ៍រយៈពេល៦ខែ ហើយបន្ទាប់មកនឹងក្លាយទៅជា «លំហសាកល» មួយសម្រាប់ទទួលនិស្សិត ឬក្រុមហ៊ុនមកពីប្រទេស ដែលបានចូលរួមនៅក្នុងពិព័រណ៍។ ប្រទេសបារាំងសង្ឃឹមថា មនុស្ស៤០លាននាក់នឹងមកទស្សនាពិព័រណ៍នេះ ក៏ដូចជាចែករំលែកការយល់ឃើញ គំនិតច្នៃប្រឌិតថ្មីៗ និងដំណោះស្រាយផ្សេងៗរបស់ពួកគេ។
ប្រទេសបារាំងធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកធំៗចំនួនប្រាំដងរួចមកហើយកាលពីសតវត្សទី១៩ គឺនៅឆ្នាំ១៨៥៥ ឆ្នាំ១៨៦៧ ឆ្នាំ១៨៧៨ ឆ្នាំ១៨៨៩ និងឆ្នាំ១៩០០ ព្រមទាំងបានរៀបចំពិព័រណ៍អន្តរជាតិមួយស្តីពីសិល្បៈនិងបច្ចេកទេសក្នុងជីវភាពទំនើបកាលពីឆ្នាំ១៩៣៧។ ការរៀបចំពិព័រណ៍ពិភពលោកដ៏ធំនៅឆ្នាំ២០២៥ ក្នុងសម័យកាលនៃការវិវឌ្ឍន៍បច្ចេកវិទ្យានេះ នឹងធ្វើឱ្យប្រទេសបារំាងក្លាយទៅជាទីកន្លែងនៃការផ្លាស់ប្តូរ ការរីកចម្រើន និងការបង្កើតថ្មីម្តងទៀត។
យោងតាមលោក ប៉ាស្កាល់ ឡាម៉ី ពិព័រណ៍ពិភពលោកនេះក៏ជាឱកាសមួយសម្រាប់ប្រទេសនិងប្រជាពលរដ្ឋបារាំងធ្វើការគូសបញ្ជាក់សារជាថ្មីអំពីការបើកទូលាយរបស់ខ្លួនទៅកាន់ពិភពលោក និងការប្រកាន់ខ្ជាប់របស់បារាំងចំពោះគុណតម្លៃជាសារវន្តរបស់សាកលលោក។ ប្រទេសម្ចាស់ផ្ទះរៀបចំពិព័រណ៍នេះនឹងត្រូវជ្រើសរើសជាផ្លូវការនៅខែវិច្ឆិកាឆ្នាំ២០១៨តាមរយ:ការបោះឆ្នោតពីសំណាក់ប្រទេសចំនួន១៧០ ដែលជាសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕