ឧបករណ៍បំពងសំឡេងឆ្លាតវៃ (Smart Speaker) របស់ក្រុមហ៊ុន Google ទើបរួមតូចជាងមុន។ ដូចដែលអ្នកអាចសន្និដ្ឋានដឹងតាមរយៈឈ្មោះរបស់វា Home Mini គឺជាឧបករណ៍បំពងសំឡេងទម្រង់តូចរបស់ឧបករណ៍បំពងសំឡេង Google Home ដែលក្រុមហ៊ុន Google បានសម្ពោធកាលពីឆ្នាំមុន។ ឧបករណ៍បំពងសំឡេងជំនាន់ថ្មីនេះមានសមត្ថភាពដូចគ្នានឹងជំនាន់ចាស់របស់វា ប៉ុន្តែមានតម្លៃទាបជាងគឺ៤៩ដុល្លារ ធៀបនឹងទម្រង់ធំរបស់វាដែលមានតម្លៃ១២៩ដុល្លារ។
Home Mini គឺជាឧបករណ៍បំពងសំឡេងបញ្ជាដោយសំឡេងដែលគេអាចបញ្ជាឱ្យចាក់ចម្រៀង គ្រប់គ្រងឧបករណ៍ឆ្លាតវៃផ្សេងៗនៅក្នុងផ្ទះ ឆ្លើយសំណួរតូចៗ បន្ថែមរបស់ទៅក្នុងតារាងដែលត្រូវទិញអីវ៉ាន់ កំណត់ថ្ងៃណាត់ជួបនៅលើប្រក្រតិទិន ឬចាក់វីដេអូនៅលើអេក្រង់ដែលអាចដំណើរការជាមួយឧបករណ៍ Chromecast។ ថ្មីៗនេះ ក្រុមហ៊ុន Google បានបន្ថែមលទ្ធភាពក្នុងការហៅចេញទូរសព្ទ ដោយប្រើប្រាស់ ឧបករណ៍បំពងសំឡេង Home ផ្សេងៗ ក៏ដូចជាប្រើប្រាស់ឧបករណ៍បំពងសំឡេងទាំងនោះដើម្បីកំណត់ ទីតាំងសម្រាប់ដាក់ទូរសព្ទរបស់អ្នក នៅពេលដែលអ្នកដាក់វានៅកន្លែងណាមួយដែលមិនត្រឹមត្រូវនៅក្នុងផ្ទះ។ (នៅលើសាឡុង! វានៅលើសាឡុងជានិច្ច)។
ឧបករណ៍បំពងសំឡេង Home Mini ក៏ជាប្រតិកម្មឆ្លើយតបដោយត្រង់ៗផងដែរទៅនឹងឧបករណ៍បំពងសំឡេងដ៏ពេញនិយមយ៉ាងខ្លាំងរបស់ក្រុមហ៊ុន Amazon គឺឧបករណ៍បំពងសំឡេង Echo Dot ដែលលក់ក្នុងតម្លៃប្រមាណ៥០ដុល្លារនិងផ្ដល់សមត្ថភាពឧបករណ៍បំពង សំឡេងឆ្លាតវៃដូចគ្នាជាច្រើន។ ដូចគ្នានឹង Echo Dot ឧបករណ៍បំពងសំឡេង Home Mini គឺតូចនិងថោកល្មម អាចដាក់នៅក្នុងបន្ទប់ណាមួយក៏បាននៅក្នុងផ្ទះរបស់អ្នក ដើម្បីគ្របដណ្ដប់ផ្ទះរបស់អ្នកជាមួយនឹង ម៉ាស៊ីនកុំព្យូទ័របញ្ជាដោយសំឡេងដែលរង់ចាំស្ដាប់បញ្ជាជានិច្ច៕ ហេង លក្ខិណា