ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាគ្រឿងញៀនម្នាក់ត្រូវកម្លាំងនគរបាលក្រុងចាប់ខ្លួនពាក់ព័ន្ធថ្នាំញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកអនុសេនីយ៍ឯក តាក រៀម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានចុះបង្រ្កាបបទល្មើសគ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅក្រុមទី២ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ យិន ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី២៨ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ជាមួយនឹងការឃាត់ខ្លួននេះដែរ កម្លាំងបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា៥កញ្ចប់តូចធំ, ថ្នាំរំញោចគ្រវី២គ្រាប់កន្លះ និងទូរស័ព្ទដៃ២គ្រឿងផង។

បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖