ភ្នំពេញ៖ ទីតាងសណ្ឋាគារឈូកទិព្វ គឺជាកន្លែងដែលប្រមូលផ្តុំទៅដោយជនសង្គមងងឹងតែងតែមកជួលបន្ទប់សម្រាប់ប្រើប្រាស់និងចែកចាយគ្រឿងញៀនយ៉ាងសកម្មនាពេលកន្លងមក ជាក់ស្តែងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលនាយការិយាល័យ(ក៣)នៃមន្ទីរប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការបង្រ្កាបក្រុមប្រើប្រាស់និងចែកចាយគ្រឿងញៀនក្នុងសណ្ឋាគារឈូកទិព្វនេះ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៧នាក់ កំពុងតែប្រមូលផ្តុំគ្នា មានចំនួន០៤បន្ទប់ គឺ បន្ទប់លេខ ២០៤ ,២០៦ ,២០៩ និង២១០ ស្ថិតក្នុងដីឡូត៍លេខ12-14 ផ្លូវ336 ក្រុមទី26 ភូមិ10 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងបង្រ្កាបទីតាងខាងលើនេះ ដឹកនាំដោយលោកវសេនីយ៍ទោ ទិត ចំរើន នាយការិយាល័យ(ក៣)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នឹងនគរបាលខណ្ឌទួលគោក ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ ស្រី៤នាក់ និង ឆែកឆេររកឃើញម្សៅក្រាមសថ្លាចំនួន៧កញ្ចប់តូច(សង្ស័យជាគ្រឿងញៀន) ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៧នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ៕ ស តារា