ភ្នំពេញ៖ បុរស២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនពីបទជេរប្រមាថព្រះសង្ឃ កាលពីល្ងាចថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចនិយាយថា៖ ជនជាប់ចោទទាំង២នាក់នោះ ត្រូវបានឃាត់ខ្លួនតាមបណ្តឹងរបស់ព្រះសង្ឃមួយអង្គឈ្មោះ ឌឿន វុទ្ឋី ព្រះជន្ម២៩វស្សា ជាព្រះសង្ឃ គង់នៅវត្តព្រះបារមីវង្កដ្ឋបុរីកបិលភស្ស មានទីតាំងនៅ ភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ។
ព្រះអង្គ ឌឿន វុទ្ឋី បានសង្ឃដីកាប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ព្រះអង្គបានចេញទៅខាងក្រៅវត្តដើម្បីទៅហៅព្រះសង្ឃមួយអង្គទៀត ឈ្មោះសន់ ដាយ៉ា ដែលឈរនៅខាងក្រៅរបងវត្តប៉ែកខាងកើត ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ដើម្បីឲ្យចូលមកក្នុងវត្តវិញ ព្រោះទីនោះសំបូរដោយជនសេពគ្រឿងញៀន មិនល្អ និងខុសវិន័យសង្ឃ ខណៈដែលព្រះអង្គកំពុងតែនាំគ្នានិមន្តចូលវត្តវិញ ក៏ត្រូវបានបុរសមួយក្រុមខាងលើ ដែលកំពុងអង្គុយផឹកស្រាជុំគ្នា បានចេញមកចង្អុលមុខ និងជេរប្រមាថព្រះអង្គថា ពួកហ្អែងនាំគ្នាចូលទៅក្នុងវិញឲ្យអស់ ដោយបានមកចាប់ស្បងចីវរនៅត្រង់ក រុញច្រាន ឲ្យចូលក្នុងវត្តវិញ ដោយការប្រមាថមាក់ងាយ។
បន្ទាប់មក ព្រះអង្គក៏បានមកប្តឹងនគរបាលមូលដ្ឋានឲ្យមកជួយអន្តរាគមន៍រឿងនេះ ដោយឃាត់ជនទាំង៣នាក់ ហៅមកសួរនាំ តែបក្ខពួកគេម្នាក់ឈ្មោះ សេដ្ឋ បានរត់បាត់ ។ បុរសដែលឃាត់ខ្លួននោះ ១/ឈ្មោះ ហេង ផានិត អាយុ៤៧ឆ្នាំ ២ ឈ្មោះ អូម លីម អាយុ៣១ឆ្នាំ ពួកគេមានទីលំនៅចំណុចកើតខាងលើ។
បច្ចុប្បន្នអ្នកទាំង២កំពុងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធីបន្ត៕ តុង សីហា