ភ្នំពេញ៖ យ៉ាងហោចណាស់ម៉ូតូចំនួន៩គ្រឿង និងមនុស្ស២នាក់ ម្នាក់ជាសន្តិសុខរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចៃដន្យមួយ ដែលបង្កឡើងដោយរថយន្តម៉ាកកាមរី ស៊េរីឆ្នាំ៩៥ កាលពីវេលាម៉ោង៨និង០០នាទីយប់ថ្ងៃព្រហស្បត៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅមុខហាងមីហិរ៧យ៉ាងសន្ធរមុខ មហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សន្តិសុខម្នាក់យាមហាងមីហិរខាងលើនេះបានប្រាប់ថា មុនពេលកើតហេតុ រថយន្តបង្កហេតុនោះបើកបរឆ្លងផ្លូវពីលិចមក កើតហើយមិនដឹងជាយ៉ាងម៉េច ក៏ជ្រុលទៅបុករះម៉ូតូរបស់ភ្ញៀវចូលហូបមីហិរ បណ្តាលឲ្យដួលម៉ូតូរងការខូចខាតជាច្រើនគ្រឿង និងសន្តិសុខម្នាក់រងរបួសស្រាលបានទៅព្យាបាលមន្ទីរពេទ្យឯកជននៅក្បែរនោះ។ សន្តិសុខដដែលបន្តថា មុនពេលមកបុកម៉ូតូនៅហាងនេះឃើញបុកគេនៅត្រង់ម្តុំសាលាសន្ធរម៉ុកនោះផងដែរ គឺបុកអ្នករត់ម៉ូតូកង់បីតែមិនដឹងថារងរបួសយ៉ាងម៉េចនោះទេ។
ដោយឡែកអ្នកបើកបររថយន្តបង្កហេតុក៏ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗផងដែរ នៅស្នាក់ការប៉ុសិ៍្តនគរបាលរដ្ឋបាលផ្សារដេប៉ូ២ ដើម្បីរក្សាសុវតិ្ថភាព។ សមត្ថកិច្ចបានប្រាប់ថា រថយន្តបង្កហេតុម៉ាកកាមរីគូទហើម ស៊េរី៩៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2C-4512 បើកបរដោយឈ្មោះ គឹម សុជីន ភេទប្រុស អាយុ២៦ឆ្នាំ បំរើការងារនៅក្រុមហ៊ុនAGS Security និងមានស្រុកកំណើតនៅស្អាង ខេត្តកណ្តាល ហើយបច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុន។
គឹម សុជីន ជាអ្នកបើកបររថយន្តបង្កហេតុបានប្រាប់ថា រូបគាត់ពុំមានចេតនានោះទេ គាត់ជាសន្តិសុខយាមផ្ទះសំណាក់តារ៉ាពេជ្រ ស្ថិតនៅក្បែររបងសាលាសន្ធរម៉ុក។ គឹម សុជីន បានបន្តរៀបរាប់ដោយទឹកមុខស្រងួតស្រងាត់ថា មិនដឹងជាថ្ងៃស៊យអ្វីនោះទេ ភ្ញៀវម្នាក់បានមកចូលសំរាក់នៅផ្ទះសំណាក់ហើយគេបានហុចសោរថយន្តនោះឲ្យមករូបគាត់ជាសន្តិសុខជួយរ៉ឺយ៉ែរចតឲ្យបានស្រួលបួលផង។ ពេលនោះ រូបគាត់ក៏ឡើងរ៉ឺយ៉ែររថយន្តថយក្រោយ ក៏បុកនឹងម៉ូតូកង់៣គេ ដែលចតនៅក្បែរនោះ ហើយរូបគាត់ក៏បើកចេញទៅមុខគេចនឹងម៉ូតូគេ១គ្រឿង ទើបជ្រុលទៅបុករះម៉ូតូមុខហាងមីហិរនោះតែម្តង។
បញ្ហាខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថា វាជាករណីកើតឡើងដោយអចេតនាទេ។ តែទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលបានបង្កឡើងទៅហើយនោះ គឺទទួលខុសត្រូវចំពោះមុខច្បាប់។ ក្រោយកើតហេតុទាំងមនុស្ស និងរថយន្តបង្កហេតុព្រមទាំងម៉ូតូរងគ្រោះបានបញ្ជូនទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ តាឡឹម